(រតនគិរី)៖ ថ្លែងចេញពីខេត្តរតនគិរី តំបន់ភូមិភាគឦសាន នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើជម្លោះព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ក៏ដូចជាការសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺមិនមែនធ្វើតាមការលើកឡើង របស់ក្រុមប្រឆាំងនោះឡើយ។

ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីមានអ្នកនយោបាយប្រឆាំង ដែលប្រឹងកេងចំណេញនយោបាយ បានលើកឡើងថា​ ការណ៍ដែលរាជរដ្ឋាភិបាលប្តឹងទៅ ICJ និងការបញ្ចប់ CLV ដោយសារមានការលើកឡើង ពីសំណាក់ក្រុមខ្លួន ទើបរាជរដ្ឋាភិបាលធ្វើតាម។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមប្រឆាំងថែមទាំងឱ្យរាជរដ្ឋាភិបាល លើកយកព្រំដែនកម្ពុជា-ថៃ ប្រវែង ៨០០គីឡូម៉ែត្រដាក់ប្តឹងទៅ ICJ ទាំងអស់ថែមទៀត។

សម្តេចតបទៅកាន់អ្នកនយោបាយទាំងនោះថា ជាអ្នកកេងចំណេញនយោបាយ «ចាំស៉ីឡាក» ហើយថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មានបណ្តឹងច្រើនណាស់ សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ បើដាក់ព្រំដែនប្រហែល ៨០០គីឡូម៉ែត្រ ICJ នឹងមិនដោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីបានចោទសួរទៅកាន់អ្នកនយោបាយនោះវិញថា «តាមខ្ញុំពិនិត្យមើល អស់លោកដែលឱ្យយោបល់ខ្ញុំនេះ នៅបក្សនយោបាយរបស់អស់លោក ដូចជាមិនដែលឈ្នះឆ្នោតសោះ អីចឹងមិនដែលគណបក្សប្រជាជនដឹកនាំប្រទេស ដោះស្រាយបញ្ហាគ្រប់ទាំងអស់ ដែលជាបក្សឈ្នះ ទៅស្តាប់យោបល់អ្នកដែលចាញ់ទេ! យកហេតុផល ស៉ីឡាក រហូត។ គេថាយើងទៅប្តឹង ដោយសារគេឱ្យក្បួន គេថាយើងដកចេញពី CLV-DTA ដោយសារគេឱ្យក្បួន គេថាយើងត្រូវតែប្តឹងទូទាំងព្រំដែនទៅ ឈប់ចរចា។ សុំបញ្ជាក់លោកទៅវិញ តុលាការ ICJ មិនមែនទំនេរទេ ជិត២០០ប្រទេស ប្តឹងច្រើនណាស់ រឿងច្រើនណាស់ អីចឹងករណីមួយៗ ទម្រាំគេទទួល ត្រូវមានហេតុផលច្បាស់លាស់ គេឱ្យដោះស្រាយទ្វេភាគី និងអ្នកពាក់ព័ន្ធឱ្យអស់ចិត្តសិន បើសិនជាអស់ហើយបានគេទទួល [...] យើងមិនអាចយកព្រំដែនទាំងមូល ៨០០គីឡូម៉ែត្រទៅឱ្យ ICJ អង្គុយដោះនោះទេ ហើយ ICJ បើឃើញបែបនេះ គេក៏មិនទទួលដោះដែរ»

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាដាក់ប្តឹងទៅតុលាការ ICJ គឺកន្លែងដែលដោះមិនទាន់ចេញ ខណៈកន្លែងដែលកម្ពុជា និងថៃ បានឯកភាពគ្នារួចហើយ គឺបន្តបោះបង្គោលព្រំដែន។ សម្តេចបន្ថែមថា នៅពេលដែលយើងដាក់តំបន់ជម្លោះទៅកាន់តុលាការ ICJ គឺយើងមិនអាចដោះស្រាយ តាមយន្តការចរចាគ្នាទៀតទេ គឺផ្តល់សិទ្ធិការសម្រេចលើតុលាការ ICJ ។

ជាមួយគ្នានេះ សម្តេចបវរធិបតីបានលើកឡើងថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) មិនមែនជាការបញ្ឆេះសង្គ្រាមជាមួយប្រទេសថៃនោះទេ ពោលជាការរំលត់បញ្ហាដែលបន្ដអូសបន្លាយ និងបានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហាព្រំដែននេះ ក្លាយទៅជាជម្លោះជាតិសាសន៍៕