(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ។
មានមតិសំណេះសំណាលទៅកាន់អង្គពិធីលោក វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកពញាក្រែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ និងត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរលោក វង សូត បានលើកឡើងថា សមាជរដ្ឋសភា-ព្រឹទ្ធសភា រៀបចំឡើងជាលើកដំបូងកាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ដោយបានលើកយកប្រធានបទចំនួន៣ រួមមាន៖
*ទី១៖ ប្រព័ន្ធគាំពារសង្គម
*ទី២៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
*ទី៣៖ វិស័យកសិកម្ម មកជជែកពិភាក្សាដេញដោល យ៉ាងផុសផុល។ សមាជរដ្ឋភា-ព្រឹទ្ធសភាជាប្រវត្តិសាស្រ្តនេះ បានរៀបចំឡើងរយៈពេល ២៨ម៉ោង ដោយមានការអញ្ជើញចូលរួមពីគណៈរដ្ឋមន្រ្តីមកពីវិស័យពាក់ព័ន្ធនានា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជូនអង្គសមាជ និងឆ្លើយតបរាល់សំណូមពរផ្សេងៗពីអង្គសមាជ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបានជម្រាបថា អង្គសមាជបានឯកភាពគ្នាជាឯកច្ឆ័ន្ទក្នុងការចេញសេចក្តីថ្លែងការគាំទ្រយន្តដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ជាមួយប្រទេសថៃ និងគាំទ្រការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លើសពីនេះ លោកបានបញ្ជាក់ថា ការលើកយកប្រធានបទទាំង៣ខាងលើនេះ មកពិភាក្សា បង្ហាញពីការយកចិត្តទុកដាក់របស់អង្គសមាជ ក្នុងការជំរុញលើកស្ទួយ និងទ្រទ្រង់ជីវភាពសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
លោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះការពិភាក្សាអំពីវិស័យកសិកម្មដែលជាវិស័យចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ លោកបានគាំទ្រចំពោះកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ ផលិតកម្មកសិកម្ម រកទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការបង្កើតសហគមន៍កសិកម្មទំនើប។
លោកក៏បានកោតសរសើរចំពោះការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវយន្តការថ្មីៗក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាដាក់ទិសដៅផលិត ផលិតផលកសិកម្មតាមស្តង់ដារ និងការជំរុញការផលិតនិងប្រើប្រាស់ជីក្នុងស្រុកជាដើម។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដោយសារកត្តាសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍ជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ចូលរួមធ្វើទេសចរណ៍លេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅទូទាំប្រទេស។
ក្នុងឱកាសនោះដែរលោក វង សូត បានឧបត្ថម្ភថវិកា ជូនដល់សមាជិក សមាជិកានៃពិធីសំណេះសំណាល ៤៣៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភសាលាស្រុកពញាក្រែកថវិកាចំនួន ១លានរៀនផងដែរ។
បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ រួចមក លោក វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយលោក កែវ ពិសិដ្ឋ លោក សន សារ៉ាណា និងលោកស្រី សាន្ត អារុណ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោក លោកស្រីជាទីប្រឹក្សា ជំនួយការ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីក្នុងវិទ្យាល័យ ហ៊ុន សែនពញាក្រែក ស្ថិតនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកាជូនដល់ តំណាងលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស៤០នាក់ ក្នុងម្មាក់ៗថវិកា២ម៉ឺនរៀល និងកម្មករសាងសង់១២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀលផងដែរ៕