(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់ប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក លោកមេឃុំចៅ-សង្កាត់ និងអាជ្ញាធរភូមិដែលពាក់ព័ន្ធ ដើម្បីចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ក្នុងការចុះកំណត់និយាយមកា និងបោះបង្គោលជំហាន២ បង្គោលព្រំការពារដីតំបន់កាត់ឆ្វៀល តំបន់១ តំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្នុងស្មារតីយកចិត្តទុកដាក់អនុវត្តការងារចំពោះមុខដែលរាជរដ្ឋាភិបាលប្រគល់ជូនអាជ្ញាធរទន្លេសាប ក្នុងនាមជាស្ថាប័នសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាលដែលទទួលខុសត្រូវការ ងារបោះបង្គោលកំណត់តំបន់កាត់ឆ្វៀលតំបន់១ តំបន់២ និងតំបន់៣ ដើម្បីការពារថែរក្សាដែនព្រៃលិចទឹកនិងព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ដូចនេះមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរទន្លេសាបដើម្បីចុះកំណត់និយាមកា និងបោះបង្គោលជំហាន២ បង្គោលព្រំការពារដីតំបន់កាត់ឆ្វៀល តំបន់១ តំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយមានការកំណត់ព្រំឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងអាស្រ័យផលក៏ដូចជាងាយស្រួលក្នុងការការពារដីរបស់រដ្ឋផងដែរ។
បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលបានជូនដំណឹងដល់លោកប្រធានមន្ទីរ និងលោកអភិបាលក្រុង-ស្រុក ពាក់ព័ន្ធដើម្បីចូលរួមសហការជាមួយអាជ្ញាធរទន្លេសាប មន្ទីរពាក់ព័ន្ធមានចំនួន៤ក្នុងនោះ រួមមាន៖
*ទី១៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី២៖ មន្ទីរធនធានទឹក និងឧតុនិយម
*ទី៣៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
*ទី៤៖ មន្ទីរបរិស្ថាន។
រីឯអាជ្ញាធរក្រុង-ស្រុក ដែលត្រូវចូលរួមសហការជាមួយអាជ្ញាធរទន្លេសាបមាន៖ ១- ក្រុងកំពង់ឆ្នាំង, ២-ស្រុករលាប្អៀរ, ៣-ស្រុកបរិបូរ ណ៍, ៤-ស្រុកកំពង់លែង, ៥-ស្រុកជលគិរី, និង៦-ស្រុកកំពង់ត្រឡាច, ការងារចុះអនុវត្ត និងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ៕