(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ភោគ មួយ ចំពោះមរណភាពរបស់ឯកឧត្តម អ៊ុំ ញ៉ាញ់ អតីតសមាជិករដ្ឋសភាមណ្ឌលភ្នំពេញ នីតិកាលទី២ ទី៣ ទី៤ និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា មានឋានៈស្មើ រដ្ឋមន្ត្រី ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖៣៤ នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ភោគ មួយ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបឯកឧត្តម អ៊ុំ ញ៉ាញ់ ដែលជាស្វាមីជាទីគោរពស្រឡាញ់ ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។ ជាពិសេសជាការបាត់បង់នូវឥស្សរជនខ្ពស់មួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយមនសិការស្នេហាជាតិដ៏មោះមុត និងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការរួមចំណែក កសាង និងពង្រឹងស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ នាពេលកន្លងមក។

ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុំ ញ៉ាញ់ សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតអំពីយើងខ្ញុំ៕