(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនស្រ្តីសញ្ជាតិកូរ៉េ និងគ្រួសារដែលជាសហគ្រិនវ័យក្មេងកំពុងបម្រើការងារក្នុងវិស័យផ្សេងៗ នៅសាធារណរដ្ឋកូរ៉េ ដើម្បីស្តាប់នូវតម្រូវការ និងបញ្ហាប្រឈមនានារបស់អ្នកទេសចរ និងវិនិយោគិនកូរ៉េមកកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិទស្សនៈរិះរកដំណោះស្រាយទាក់ទាញប្រជាជន និងវិនិយោគិនកូរ៉េមកកម្ពុជាឱ្យកើនច្រើន។
ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ និងតបតាមការអញ្ជើញពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។
នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីឯកអគ្គរាជទូត និងសហការីដែលបានផ្តល់ជូនកិច្ចការពារ និងផ្តល់នួវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងនៃពិភពលោក។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ គំនិតល្អៗ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចតាមរយៈការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគដ៏ល្អដល់មិត្តភ័ក្រ្ត សហការី និងសមាជិកគ្រួសារកូរ៉េរបស់ខ្លួន ដើម្បីមកទស្សនាស្វែងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រមទាំងសុច្ឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងព័ត៌មានក្លែងក្លាយពីប្រទេសកំណើតរបស់ខ្លួនជានិច្ច៕