(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាសាងសង់ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដែលមានអានុភាព ៨០មេហ្កាវ៉ាត់ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (តាមបណ្តោយដងស្ទឹងពោធិ៍សាត់)។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យជាក់ស្តែង ជុំវិញកិច្ចការងារមួយចំនួន របស់ក្រុមហ៊ុនទទួលសិទ្ធិស្តារបាតអាង នៃគម្រោងវារីអគ្គិសនីផងដែរ។

គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ធ្វើការសាងសង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះគឺជាការវិនិយោគ៣ប្រទេសរួមគ្នា រវាងក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនចិន និងក្រុមហ៊ុនជប៉ុន ហើយម្ចាស់ដើមរបស់គម្រោងនេះ គឺជាប្រជាជនកម្ពុជាទាំងមូល។

ដោយសារតែមានការកកស្ទះ ដល់ដំណើរការហិរញ្ញប្បទានផង និងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ផងនោះ គម្រោងនេះត្រូវបានយឺតពេល និងត្រូវបានចាប់ផ្តើមដំណើរការសាងសង់ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថាបនាបានចន្លោះពី៦០ ទៅ៦៥%ហើយ។

ថ្វីត្បិតតែគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ មានការយឺតយ៉ាវក៏ពិតមែន ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តជំរុញ និងលើកទឹកចិត្តដល់ក្រសួងរ៉ែ និងថាមពល ព្រមទាំងភាគីពាក់ព័ន្ធ ត្រូវសហការធ្វើឱ្យគម្រោងមួយនេះ អាចដំណើរការឱ្យបានតាមផែនការ ដែលយើងគិតថាជាក្តីសង្ឃឹមថ្មីរបស់កម្ពុជា ក៏ដូចជាក្តីសង្ឃឹមដល់ខេត្តពោធិ៍សាត់ ព្រោះថាគម្រោងនេះនឹងត្រូវបានកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់នៅខែវស្សា និងបង្កើនទឹកឱ្យបានល្អ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង៕