(ឥណ្ឌូណេស៊ី)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រន័រវែស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានបំពេញទស្សនកិច្ចការងារនៅប្រទេសន័រវែស ពីថ្ងៃទី៩ ដល់ ១២ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងរយៈពេលនៃទស្សនកិច្ចនេះ លោកបណ្ឌិត កៅ គឹមហួន គ្រោងមានជំនួបជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗ រួមទាំងលោក Jonas Gahr Støre នាយករដ្ឋមន្ត្រីន័រវែស ព្រមទាំងបណ្តារដ្ឋមន្ត្រីនានារបស់រដ្ឋាភិបាលន័រវែស សមាជិកសភា សហគមន៍ធុរកិច្ច និងវិស័យឯកជន អ្នកសិក្សាធិការ ព្រមទាំងនិស្សិត។

ក្នុងពេលស្នាក់នៅទីក្រុងអូស្លូ បណ្ឌិត កៅ គឹមហួន នឹងចូលរួមក្នុងវេទិកាទីក្រុងអូស្លូ ព្រមទាំងឆ្លៀតឱកាសធ្វើបាឋកថានៅមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយ និងចូលរួមក្នុងកិច្ចពិភាក្សានៅវិទ្យាស្ថានកិច្ចការអន្តរជាតិរបស់ន័រវែស (NUPI) ផងដែរ។

បន្ថែមលើនេះ អគ្គលេខាធិការអាស៊ាន នឹងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងន័រវែស (ACO) ដើម្បីជម្រាបជូនសមាជិកគណៈកម្មាធិការអំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន។ ទស្សនកិច្ចការងារនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងន័រវែស ជាពិសេស ស្របពេលដែលអាស៊ាន និងន័រវែសប្រារព្វខួបអនុស្សាវរីយ៍ ១០ ឆ្នាំ នៃភាពជាដៃគូសន្ទាតាមវិស័យនៅឆ្នាំនេះ៕