(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខេមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។
កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី,អនុប្រធានគណបក្សខេត្ត, សមាជិក សមាជិកា គណបក្សខេត្ត ក្រុង ស្រុក ទាំង៩ឃុំ សង្កាត់ទាំង៥០ ចំនួន៣២០នាក់ (ស្រី៤០នាក់)។
មតិស្វាគមន៍របស់លោក សាយ សាមាន អនុប្រធានគណៈកម្មាធិការបក្សខេត្ត, លោក ឌុច ចាន់តូ ប្រធានមន្ទីរគណបក្សខេត្ត និងលោក ដេន ចាន់ថន អនុប្រធានគណៈចាត់តាំងគណបក្សខេត្ត អានសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្សចុះមូលដ្ឋានខេត្តរតនគិរី។
នាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់។ លោកបានបន្តថាសូមឱ្យក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានដោយគៀងគរអ្នកវិនិយោគបង្កលក្ខណៈងាយស្រួលឱ្យពួកគាត់ (កុំសម្លាប់មេមាន់, ទុកពងមាន់ហូបបានច្រើនជាង) គាំទ្រ និងការពារអ្នករកស៊ីពោលគឺរកទីផ្សារឱ្យប្រជាកសិករ។
នាយឧត្តមសេនីយ៍ ជៀង អំ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចសមិទ្ធផលការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ និងគណបក្សក្នុងរយៈពេលកន្លងមក។
ជាមួយគ្នានេះប្រធានក្រុមការងារបានផ្តាំផ្ញើដល់មន្ត្រីគណបក្សដែលទើបចាត់តាំងថ្មីត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុបក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ។ ប្រធានក្រុមការងារក៏បានណែនាំផងដែរដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្តធ្វើអំពើល្អ និងបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ត្រូវពង្រឹងការផ្តល់សេវាសាធារណផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាពព្រមទាំងត្រូវយកចិត្តទុកដាក់ភាពអសកម្មនានា។
នាយឧត្តមសេនីយ៍ ជៀង អំ គ៏បានផ្តាំផ្ញើដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តរតនគិរី បង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ហើយការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕