(ឧត្តរមានជ័យ)៖ សម្តេចឥស្សរវិទេសបញ្ញាហោ​ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រមុខការទូតកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានប្រតិកម្មនឹងសម្តីរដ្ឋមន្ត្រីការពារជាតិថៃ និងសួរទៅវិញថា «តើអធិបតេយ្យថៃ នៅកន្លែងណា​​?» បានគេប្រើពាក្យប្តេជ្ញាការពារដែនអធិបតេយ្យរបស់គេ។

ការប្រតិកម្មរបស់សម្តេចឥស្សរវិទេសបញ្ញា បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើង តាមបណ្តោយព្រំដែនកម្ពុជានិងថៃ នៅខេត្តឧត្តរមានជ័យ អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អតីតមេបញ្ជាការសមរភូមិមុខ ទិសយោធភូមិភាគទី៤ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយត្រូវបានទទួលស្វាគមន៍ដោយនាយឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃបញ្ជាការ​ដ្ឋាន​កងអង្គរក្ស​​។

ប្រតិកម្ម និងសំណួរនេះបានធ្វើឡើងបន្ទាប់ពី លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានលើកឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា រដ្ឋាភិបាល និងយោធាបានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ប្រទេសថៃ។ គ្មាននរណាម្នាក់អាចរំលោភបំពានបានឡើយ។

សម្តេចឥស្សរវិទេសបញ្ញា ហោ​ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំចាប់អារម្មណ៍ រដ្ឋមន្ត្រីការពារជាតិថៃថា យើងចង់ចរចា ដើម្បីកំណត់ព្រំដែនរវាងប្រទេសយើងទាំងពីរ ក៏ប៉ុន្តែខ្ញុំ​ (រដ្ឋមន្ត្រីការពារជាតិថៃ) ក៏ប្តេជ្ញាប្រើកងកម្លាំងការពារអធិបតេយ្យភាពរបស់ថៃ»

សម្តេចឥស្សរវិទេសបញ្ញា សួរយ៉ាងខ្លាំងៗទៅរដ្ឋមន្ត្រីការពារជាតិថៃថា «តើសព្វថ្ងៃនេះ អធិបតេយ្យភាពថៃនៅឯណា? អធិបតេយ្យភាពថៃ នៅតំបន់មុំបី មានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ឬយ៉ាងម៉េច? ព្រោះថៃចង់បានប្រាសាទនេះយូរយាណាស់មកហើយ»

បើតាមការថ្លែងរបស់សម្តេចឥស្សវិទេសបញ្ញា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែក៏នឹងប្រើកងកម្លាំង បើមានការឈ្លានពានកម្ពុជា។

សម្តេចធិបតី បានបញ្ជាគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC) កម្ពុជា ធ្វើកិច្ចការចំនួនពីរ៖

*១៖ រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង​បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំងពីរ។
*២៖ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការ​យក​​​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេចឥស្សរវិទេសបញ្ញា បានបន្តថា ប្រទេសថៃ នៅតែមានអ្នកចង់បានទឹកដី និងប្រាសាទខ្មែរ ហេតុនេះហើយ បានជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់បំផុតលើកងទ័ពយើង៕