(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឈិន រតនា កវីនិពន្ធ និងជាប្រធានយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងក្រុមការងារ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ជំនួបនេះ ក្នុងគោលបំណងពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំពាក់ព័ន្ធ នឹងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងប្រគល់ជូនសៀវភៅ TRAVEL EXPLORATION OF CAMBODIA ដែលផ្តោតលើ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទំនៀមទំលាប់ប្រពៃណី ព្រមទាំងការអភិវឌ្ឍរបស់ វិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមចងក្រងនូវសៀវភៅដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជានេះ ដែលពិតជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោកប្រធានយុវជន បានសន្យានឹងជួយសហការផ្សព្វផ្សាយពី សភាពការណ៍ពិតដូចដែលក្រុមការងារបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាពិសេស បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស ការកម្សាន្ដសម្បូរបែប ដែលជំរុញឲ្យភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះប្រជាពលរដ្ឋអាមេរិក អញ្ជើញមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕