(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំដែលបានទទួលមរណភាពនៅរសៀលថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៣:២៥ នាទីរសៀល ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។
លោកស្រីបានសម្តែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះលោក ជឹម សុវណ្ណ ដែលជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងដោយក្តីសោកស្តាយក្រៃលែង ចំពោះមរណភាពរបស់លោកគឺជាការបាត់បង់ស្វាមី ឪពុក ថ្នាក់ដឹកនាំ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយសង្គហធម៌និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទះ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុមនុស្សធម៌បំពេញការងារនៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជាយូរឆ្នាំមកហើយ បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។
លោកស្រី ឃួន ឃុនឌី សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។