(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ព្រមទាំងអស់លេងបណ្តាញសង្គម សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុល នៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិត ក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងគិតគូរឱ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានមិនត្រូវបានដកស្រង់ពីប្រភពផ្លូវការទេនោះ។ ការផលិត និងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ត្រូវអនុលោមតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយក្រមសីលធម៌សារព័ត៌មាន។
បន្ថែមពីនេះ លោកបានលើកឡើងថា អ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយដើម្បីជួយលើកស្ទួយឧត្តមប្រយោជន៍ជាតិ ត្រូវផ្តល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា ជាតិសាសន៍។ អ្នកសារព័ត៌មានត្រូវចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងការផលិត ផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម និងត្រូវតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ព្រមទាំងមានកាតព្វកិច្ចចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន។
លោក ទេព អស្នារិទ្ធ ក៏បានក្រើនរំឭកផងដែរដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានដែលកំពុងចរាចរលើបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់ និងផលវិបាកនានា ដែលព័ត៌មានក្លែងក្លាយអាចបង្កឡើង។
ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដោយសារព័ត៌មានក្លែងក្លាយ ពលរដ្ឋអាចប្រើប្រាស់វិធីសាស្ត្រ៥យ៉ាង៖
ទី១. បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ។
ទី២. កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុង ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការមាន៖ ប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល អ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នក្នុងវិស័យពាក់ព័ន្ធ ប្រភពពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធដែលមានជំនាញទទួលបន្ទុកលើប្រធានបទ ឬសាច់រឿង។
ទី៣. ចាប់យកប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាពសម្រាប់ទទួលព័ត៌មាន និងផ្ទៀងផ្ទាត់ព័ត៌មាន៖ ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងបណ្តាញផ្សាយឌីជីថលផ្លូវការ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត សុចរិតភាព ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។
ទី៤. ត្រូវចៀសវាងការផ្សាយឬចែកចាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ឬព័ត៌មានដែលនាំឱ្យមានការរើសអើងជាតិសាសន៍។ ចៀសវាងផ្សាយឬចែកចាយព័ត៌មានដែលបង្កគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬការបំពេញបេសកកម្មរបស់មន្ត្រីអនុវត្តច្បាប់។
និងទី៥. ផ្សាយ ចែករំលែកតែព័ត៌មានពិត សុក្រឹត សុចរិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម សម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ សហគមន៍និងសង្គមជាតិ៕