(ភ្នំពេញ)៖ ខណៈដែលការប្រឈមគ្នារវាងកម្ពុជា-ថៃ ក្លាយជាប្រធានបទក្តៅនាពេលនេះ ក្រសួងការពារជាតិកម្ពុជា បានរកឃើញថា សារព័ត៌មានថៃ និងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធស្ថានភាពកងទ័ព។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំឱ្យជឿតាមការផ្សព្វផ្សាយតាមសារព័ត៌មានថៃ និងបណ្តាញសង្គមទាំងនោះ ហើយរង់ចាំទទួលយកតែព័ត៌មានផ្លូវការ ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា
តាមរយៈបណ្តាញសង្គមនានារបស់ខ្លួន ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ»។
គួរឱ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ បានឱ្យដឹងថា យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។
ព័ត៌មាននេះ ក៏ត្រូវបានគេយកទៅបំភ្លៃ ផ្សព្វផ្សាយបោកបញ្ឆោតថា កម្ពុជាដកកងទ័ពជាដើម៕