(ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា។

ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់កម្លាំងប្រដាប់អាវុធទាំងអស់។

លោក ហ៊ុន ម៉ានី បានអះអាងថា បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាព។

លោកបញ្ជាក់ថា «យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងៗទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដក់ពួកយើងយ៉ាងលំបាកលំបិនបំផុត។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕