(សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រជាពលរដ្ឋកម្ពុជា ប្រសិទ្ធនាមជាមាតាមនុស្សធម៌ និងជាកុលធីតាខ្មែរដ៏គំរូ និងឆ្នើមក្នុងភាពជាអ្នកដឹកនាំប្រកបដោយភាពបុរេសកម្ម និងព្រហ្មវិហារធម៌ដ៏ល្អបវរ ក្នុងការជួយសង្គ្រោះ និងសម្រាលរាល់ទុក្ខលំបាកដល់មនុស្សលោកគ្រប់គ្នាជួបនឹងស្ថានភាពលំបាក ឬខ្វះខាត ដែលលោកបានឃើញ បានដឹង និងជួបផ្ទាល់ ដោយមិនរុនរាន និងមិនរើសអើង មានតែពាក្យមួយថា ជួយដោយស្មោះចេញពីចិត្ដ និងបេះដូងដ៏ល្អបរិសុទ្ធ មិនគិតសោះឡើយពីការតបស្នង ដែលត្រឹមតែបានឃើញអ្នកក្បែរខ្លួន និងប្រជាពលដ្ឋសើ្បយពីទុក្ខា នោះជាអ្វីដែលក្នុងនាមជាអ្នកម្ដាយមនុស្សធម៌តែងតែប្រាថ្នាចង់បានបំផុត។

ដូច្នោះហើយទើបមកទល់បច្ចុប្បន្ននេះ សម្ដេចកិត្ដិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន នៅតែឋិតក្នុងបេះដូងប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្ដែងមាតាបិតារបស់អាណាព្យាលរបស់ទារក និងកុមារ ដែលយកកូនៗមកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប បានរៀបរាប់ទាំងភាពក្ដុកក្ដួលថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មាតាមនុស្សធម៌កម្ពុជា លោកល្អណាស់ តាមជួយសង្គ្រោះ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋរហូត ហើយនាពេលនេះបានជួយថវិកា ចំនួន ៥ម៉ឺនដុល្លារ ផ្គត់ផ្គង់ដល់មន្ទីរពេទ្យកុមារ ដែលជាមន្ទីរពេទ្យដែលកូនរបស់ខ្លួនកំពុងតែសម្រាកព្យាបាល ដែលជាផ្នែកដ៏សំខាន់ផ្ដល់ភាពរឹងមាំ និងឱ្យមន្ទីរពេទ្យមួយនេះកាន់តែមានសមត្ថភាពបន្ដ ក្នុងការព្យាបាលកូនរបស់គាត់ និងកូនៗរបស់អាណាព្យាបាលផ្សេងទៀត ដែលមកពីគ្រប់ភូមិស្រុកខេត្ដទូទាំងប្រទេស។

អាណាព្យាបាលទារក និងកុមារ បានឱ្យដឹងថា ថ្ងៃនេះកាកបាទក្រហមកម្ពុជា បានផ្ដល់ទាំងស្បៀងអាហារសម្រាប់ធ្វើអាហារូបត្ថម្ភដល់ក្មេងៗថែមទៀត ដែលនេះគុណនូបការៈដ៏ធំធេង ដោយពេលមានទុក្ខ គឺមានជួយសង្គ្រោះ។ អាណាព្យាបាលទាំងអស់ មានសម្ដែងនូវការថ្លែងអំណរគុណ និងដឹងគុណនូវទឹកចិត្ដ និងបេះដូងដ៏បរិសុទ្ធ ស្រស់ថ្លារបស់អ្នកមា្ដយមនុស្សធម៌ និងមានតែលើម្រាបដៃ១០ បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក ជួយតាមថែរក្សាអ្នកម្ដាយមនុស្សធម៌កម្ពុជា មានសុខភាពល្អ អាយុយ៉ិនយូរ ដើម្បីផ្ដល់ជាម្លប់ដ៏កក់ក្ដៅជូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះនាយកមន្ទីរពេទ្យកុមារអង្គរសៀមរាប លោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្រ្តា ក៏បានថ្លែងឱ្យដឹងថា នេះជាលើកទី៨ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាកក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យ ពិសេសស្បៀងអាហារ និងសម្ភារៈជាតម្រូវការរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាទារក និងកុមារកម្ពុជា ។ជាពិសេសក្រោមភាពជាអ្នកដឹកនាំ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដល់ជាគំរូដល់មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នជាតិ-អន្ដរជាតិ និងសប្បុរសជននានា រួមទាំងប្រជាពលរដ្ឋ ចូលរួមយ៉ាងស្រស្រាក់ស្រស្រាំ ក្នុងការងារមនុស្សធម៌ ដោយការចូលរួមបរិច្ចាគថវិកា និងសម្ភារៈផ្សេងៗ ជួយដល់ជនងាយរងគ្រោះគ្រប់រូបភាព ។នាពេលនេះគឺសម្ដេចបានចាត់តំណាងរបស់លោកអញ្ជើញចុះមកដោយផ្ទាល់ ដោយមានសប្បុរសជនជាច្រើនរូបទៀត ដើម្បីជួយឧបត្ថម្ភគាំទ្រ ជាថវិកាបន្ថែមដល់មន្ទីរពេទ្យ ឱ្យដំណើរទៅមុខទៀតក្នុងការជួយព្យាបាលទារក និងកុមារ ដែលខ្វះខាត អាចព្យាបាលដោយឥតគិតថ្លៃ ។នេះជាគុណតម្លៃដ៏ធំធេងបំផុត និងមិនអាចកាត់ថ្លៃបានរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ដែលបានដឹកនាំក្រុមការងារមកទីស្នាក់កណ្ដាលរាជធានីភ្នំពេញ និងនៅសាខាកាកបាទក្រហមកម្ពុជាខេត្ដសៀមរាប មកសំណេះសំណាលសួរសុខទុក្ខ និងភាពកក់ក្ដៅប្រកបដោយសេចក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោកស្រី និងក្រុមការងារ ចុះមកសួរសុខទុក្ខ និងផ្ដល់ថវិកា ស្បៀងអាហារដោយផ្ទាល់។

ការចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយដោយផ្ទាល់នៅមន្ទីរពេទ្យនេះ ដើម្បីជាការលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ ដែលខិតខំប្រឹងប្រែងជួយពិនិត្យ ថែទាំ និងព្យាបាលដល់ទារក និងកុមារផង និងដើម្បីផ្ដល់ជាកម្លាំងចិត្ដដល់អាណាព្យាបាលរបស់ទារក និងកុមារផងដែរ។ សកម្មភាពភាពនេះ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែណែនាំ ដឹកនាំ និងចាត់តាំងឱ្យសហការីទូទាំងប្រទេសធ្វើជាសកម្ម និងរៀងរាល់ឆ្នាំ ដោយមិនទុក្ខឱ្យពលរដ្ឋណាម្នាក់ដែលជួបការលំបាក មិនទទួលបានការយកចិត្ដដាក់ និងជួយសង្គ្រោះ ដើម្បីសម្រាលទុក្ខលំបាកនោះឡើយ ហើយក៏មិនសម្រាប់តែមន្ទីរពេទ្យកុមារអង្គរនេះទេ គឺគ្រប់មន្ទីរពេទ្យ ជាពិសេសនៅតាមមន្ទីរពេទ្យថែទាំព្យាបាលទារកនិងកុមារ ដូចជាមន្ទីរពេទ្យគន្ធបុប្ផាជាដើម ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក កាលពីដើមខែមិថុនា ឆ្នាំ២០២៥ ដែលមន្ទីរពេទ្យមួយនេះសង្គ្រោះកុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃ និងរាប់មិនអស់ជាច្រើនរៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថាមន្ទីរពេទ្យកុមារអង្គរ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ ។ជារៀងរាល់ថ្ងៃ មានកុមារប្រមាណ៣៥០នាក់ បានមកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ។ក្នុងឆ្នាំ២០២៤កន្លងទៅ បានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណជិត ១២ម៉ឺនករណី បើគិតចាប់ពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលដល់កុមារសរុបជិត ៣ លានករណី។

សម្រាប់អំណោយដែលកាកបាទក្រហមកម្ពុជា បាននាំយកប្រគល់នូវជូនមន្ទីរពេទ្យកុមារអង្គរនាពេលនេះរួមមាន៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៤០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀលបន្ថែមផងដែរ។ លើសពីនោះកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភជូនអាណាព្យាបាលកុមារជាដែលមកសម្រាកពេទ្យចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ​ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀលផងដែរ៕