(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។

ពិធី «សិតព្រះពុទ្ធបដិមា» នេះ មានការយាងនិមន្ត ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា និងមានការអញ្ជើញចូលរួម ពីលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីលោកស្រី លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងថា ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

បន្ថែមពីនេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ ព្រលានយន្តហោះទាំងអស់ ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។

លើសពីនោះទៀត អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះ គឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ។

ជាពិសេស ដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា។ ​នេះជាការគូសបញ្ជាក់បន្ថែម ពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់។

បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, ក្រៅពីព្រះពុទ្ធបដិមានេះ ក៏នឹងមានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ដែលភាគច្រើន នាំមកពីខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕