(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំបើកកិច្ចប្រជុំស្ដី ពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក អនុប្រធានអចិន្ត្រៃយ៍ ហេរញ្ញិក លេខាធិការ សមាជិកគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្រ្តីក្រុមប្រតិបត្តិសាខាខេត្តជាច្រើននាក់ នៅសាលប្រជុំសាខា កក្រក ខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះមានរបៀបវារចំនួន ៥ចំណុច ដូចជា៖ បង្ហាញអំពីនិតិវិធីនៃការរៀបចំ, ពិភាក្សាស្តីពីការរៀបចំសមាសភាពគណៈកិត្តិយស គណៈកម្មាធិការសាខា, បង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតសាខា និងមតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ។

នាឱកាសនោះលោក សុខ លូ បានជម្រាបជូនថា យោងលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ជំពូកទី៥ មាត្រា២៤ស្តីពី សាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រមវិធានទី៣៣ស្តីពីសន្និបាតសាខា។ សាខាកាកបាទ​ក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រារព្ធសន្និបាទសាខា ៦ឆ្នាំម្តង ដូចនេះសាខាខេត្តបាត់ដំបង បានឯកភាពកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ប្រារព្វសន្និបាតនៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត អនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំឱ្យបានល្អប្រសើរ ដើម្បីប្រព្រឹត្តទៅដោយរលូនផងដែរ៕