(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខដល់ លោកជំទាវ សាប៊ី ពិន្ថា ចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អតីតសមាជិករដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលជាស្វាមីលោកជំទាវ នៅថ្ងៃអាទិត្យ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
នៅក្នុងព្រះរាជសារចូលរួមរំលែកទុក្ខរបស់ព្រះមហាក្សត្រ មានខ្លឹមសារដូចនេះទៀតថា «ខ្ញុំមានហឫទ័យក្រៀមក្រំ ដោយបានទទួលដំណឹងមរណភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អតីតរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា អតីតប្រធានគណៈកម្មការ នៃព្រឹទ្ធសភា រដ្ឋសភា និងបច្ចុប្បន្នជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធ ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។ ការទទួលមរណភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនស្នេហាជាតិដ៏ល្អប្រពៃមួយរូប ដែលមានស្នាដៃល្អប្រសើរ និងគុណបំណាច់ជាច្រើន ដែល ក្នុងមួយជីវិតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានចូលរួមយ៉ាងសកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ។
ខ្ញុំសូមបួងសួង សូមវិញ្ញាណក្ខន្ធឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អញ្ជើញទៅ កាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕