(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ សាប៊ី ពិន្ថា ចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អតីតសមាជិករដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលជាស្វាមីលោកជំទាវ នៅថ្ងៃអាទិត្យ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៖៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
នៅក្នុងសារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចនេះទៀតថា តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ដែលកំពុងបម្រើការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង អំពីការទទួល មរណភាពឯកឧត្តមកិត្តិនីតិកោសល់បណ្ឌិត ម៉ុម ជឹមហ៊ុយ អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អតីតប្រធានគណៈកម្មការនៃព្រឹទ្ធសភា រដ្ឋសភា និងបច្ចុប្បន្នជាទី ប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ដោយរោគា ពាធ ក្នុងជន្មាយុ ៨៩ឆ្នាំ ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ ការចូលមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុល បុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ។
ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អញ្ជើញទៅកាន់សុគតិភពកុំបីខាន៕