(ភ្នំពេញ)៖ ក្រុមនិស្សិតសាកលវិទ្យាល័យ Qiannan Normal University of Nationalities មកពីខេត្ត គួយចូវ ប្រទេសចិន ៣០រូប ដឹកនាំដោយលោកស្រី WU Haiyan ប្រធាននាយកដ្ឋានការផ្លាស់ប្តូរការសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យ បានមកដល់កម្ពុជា ដើម្បីធ្វើការផ្លាស់ប្ដូរការសិក្សា រយៈពេល ២សប្ដាហ៍ ក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី២ ឆ្នាំ២០២៥ រយៈពេល ១៤ថ្ងៃ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់»។

ក្នុងពិធីបើកទទួលស្វាគមន៍និស្សិត នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងជាការជឿជាក់ថា ការផ្លាស់ប្ដូរការសិក្សានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក ដើម្បីរួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសទាំងពីរ។

លោកបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយស សាលាស្ទេបហ្វរវើដ អន្តរជាតិ ដែលជាភាគីសំខាន់ក្នុងការសម្របសម្រួលរៀបចំឱ្យមានការផ្លាស់ប្ដូរការសិក្សារបស់និស្សិតចិន និងនិស្សិតកម្ពុជានេះ ក៏លើកឡើងដែរថា បច្ចុប្បន្ន គឺមាននិស្សិតកម្ពុជាជាច្រើនរួចមកហើយទទួលបានអាហារូបករណ៍ និងកំពុងសិក្សានៅប្រទេសចិន។ លោកនិងភាគីពាក់ព័ន្ធនឹងបន្តកិច្ចការសំខាន់នេះ ដើម្បីជំរុញការផ្លាស់ប្ដូរការសិក្សានៃនិស្សិតប្រទេសទាំងពីរ ឱ្យកាន់តែច្រើន។

សូមជម្រាបថា ការផ្លាស់ប្ដូរនិស្សិតនេះដែរ ក៏ស្របគ្នាទៅនឹងឆ្នាំ២០២៥ ដែលជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។ បច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ថែមទាំងជា «មិត្តភាពដែកថែប» ដែលមិនអាច បំបែកបាន និងតែងជួយគាំទ្រគ្នាទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៕