(នីស, បារាំង)៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។
លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ព្រមទាំងបានវាយតម្លៃអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នាពេលកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចមហាបវរធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុប នឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល ជាពិសេស ក្រោយពេលកម្ពុជាចាកចេញពីឋានៈជាក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។
ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផលវិញ កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះ រួមមាន ការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច ហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះ។ ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ សំដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជា មិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងពហុភាគីនិយម ហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេ ព្រោះកម្ពុជាដែលធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ យល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
មុននឹងបញ្ចប់ជំនួប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានអញ្ជើញសម្តេចមហាបវរធិបតីបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប ទីក្រុងព្រុចសែល ដើម្បីពិភាក្សាស្វែងរកកាលានុវត្តភាពថ្មី សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និង កម្ពុជា។
សម្តេចមហាបវរធិបតី បានទទួលយកការអញ្ជើញនេះ ដោយគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅពេលវេលាសមស្របណាមួយនាពេលខាងមុខ៕