(បារាំង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព នឹងរួមបញ្ចូលទាំងការធានានូវលទ្ធភាពទទួលបានវិទ្យាសាស្ត្រ ចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់មូលនិធិ ជាពិសេសសម្រាប់ការស្រាវជ្រាវសមុទ្រ ការត្រួតពិនិត្យ និងការបង្កើតការអនុវត្តការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា យើងត្រូវតែធានាថា គ្មានប្រជាជាតិណាមួយត្រូវបានមើលរំលងក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង វាពឹងផ្អែកលើយើង! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថា តើមហាសមុទ្រនៅតែអាចចិញ្ចឹម និងការពារយើងនៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពសហការ និងការពារ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ដើម្បីសមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយផងដែរ៕