(នីស,បារាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិក្នុងសន្និសីទ UN ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣, ថ្ងៃនេះ ខ្ញុំមានមោទនៈភាពក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នេះ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្ថែមថា កម្ពុជា នឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ។
ថ្លែងទៅកាន់អង្គវេទិការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើសកម្មភាពសហការ និងការពារ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងមនុស្សជំនាន់ក្រោយផងដែរ។
សូមជម្រាបថា អនុសញ្ញា BBNJ (Biodiversity Beyond National Jurisdiction) ឬគេហៅថា អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ គឺជាអនុសញ្ញាថ្មីមួយសំខាន់ក្រោមអង្គការសហប្រជាជាតិ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ៕