(នីស-បារាំង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ។ ប្រទេសកម្ពុជាបានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។
ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មហាសមុទ្រ គឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដីរបស់យើង។ វាជាប្រភពនៃអាហារ ថាមពល និងទឹក ដែលផ្តល់នូវជីវភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ជាតិសាសន៍។ វាគ្រប់គ្រងអាកាសធាតុ និងបង្កើតអុកស៊ីសែនដែលយើងដកដង្ហើម។ វាជាមូលដ្ឋានគ្រឹះនៃជីវចម្រុះដ៏សម្បូរបែបនៃភពផែនដីរបស់យើង។ មហាសមុទ្រមានសារៈសំខាន់ចំពោះសុខុមាលភាព និងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ។
ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក៖ ការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ និងការបំពុលប្លាស្ទីកដែលរីករាលដាល ការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការកេងប្រវ័ញ្ចធនធានសមុទ្ររបស់យើងហួសប្រមាណ។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងការសម្រេចចិត្ត ក៏ដូចជាកិច្ចសហការដែលមិនផ្លាស់ប្តូរ។
លើសពីសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីយុទ្ធសាស្ត្រសារាចររបស់កម្ពុជាស្តីពីបរិស្ថាន ២០២៣-២០២៨ ផ្តោតលើសសរស្តម្ភជាមូលដ្ឋានចំនួនបី៖ ស្អាត បៃតង និងនិរន្តរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់យើង និងការការពាររយៈពេលវែងរបស់វា។
សម្តេចបបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិកម្ពុជាប្តេជ្ញាយ៉ាងពេញលេញក្នុងការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤។ លើសពីនេះកម្ពុជាបានបោះឆ្នោតគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយស្តីពី «សមុទ្រ និងច្បាប់សមុទ្រ» ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រទេសចំនួន ១៥២ ក្នុងកំឡុង UNGA79។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់យើងថា ការការពារជីវិតនៅលើដីគឺមិនអាចកាត់ផ្តាច់ចេញ ពីការរក្សាជីវិតនៅក្រោមមហាសមុទ្របានទេ។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៕