(ភ្នំពេញ)៖ ព្រសង្ឃ និងខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា នឹងនិមន្ត អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​កងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា សប្តាហ៍ក្រោយនេះ។ ជាមួយនឹងការនិមន្ត អញ្ជើញចុះ​សួរ​សុខទុក្ខនេះ ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សប្បុរសជន​ចូល​រួម​បរិច្ចាគធនធានជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅជូនដល់​កង​ទ័ព។

យោងតាមលិខិតអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរ​កម្ពុជា​ក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី នឹងធ្វើ​ដំណើរ​​ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយគ្រឿងឧបភោគ បរិភោគជូន​ដល់កងទ័ព​ជួរមុខ​ដែល​កំពុងតែឈរជើងការពារបូរណភាពទឹកដីនៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​។

ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងស្មារតីចំពោះរាជរដ្ឋាភិបាល កងទ័ពជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំង​ទ្រព្យ​សម្បត្តិជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរនោះ លេខាធិការដ្ឋាន នៃអង្គការសមាគម​ខ្មែរ​​កម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី សូមអំពាវនាវ​ដល់​ព្រះថេរា​នុត្ថេរៈ​គ្រប់ព្រះអង្គ បងប្អូន ជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅ​ប្រ​ទេស ព្រះមេត្តា និងមេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា។

តាំងនាមអង្គការសមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃវត្តសាមគ្គីរង្សី លេខា​ធិការ​ដ្ឋាន នៃអង្គការសមាគម​ខ្មែរ​​កម្ពុជាក្រោម សូមថ្លែង​អំណរព្រះគុណ និងសូម​ថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិ និងសទ្ធា​ជ្រះ​ថ្លារបស់ព្រះថេរា​នុត្ថេរៈ​គ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងសប្បុរស ជនទាំង​អស់ សូមឱ្យសមប្រកប​ដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ។

តាមរយៈកាយវិការខាងលើនេះ បានស្តែងឱ្យឃើញពីស្មារតីរួបរួម និងគាំទ្រដ៏មុះ​មុតរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងកិច្ចការពារទឹកដីជាមួយរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា។

សប្បុរសជនអាចទាក់ទងចូលរួមឧបត្ថម្ភ៖
- ព្រះតេជព្រះគុណ ថាច់ សុធន់ ទូរស័ព្ទលេខ៖ 087 567 160
- លោក ថាច់ សុវណ្ណមុនី ទូរសូ័ព្ទលេខ៖ 097 701 0808

សប្បុរសជនក៏អាចចូលរួមឧបត្ថម្ភតាមរយៈគណនីធនាគារដូចបានភ្ជាប់ក្នុងលិខិតអំពាវនាវ៕