(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការរៀបចំប្រារព្ធពិធីរំលឹកខួប លើកទី៤៨ ទិវានៃការចងចាំដំណើរ ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ X16 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល, រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសហការជាមួយក្រុមការងារ រៀបចំពិធីរំលឹកខួប លើកទី៤៨ ទិវានៃការចងចាំដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងរៀបចំប្រារព្ធពិធីរំលឹកខួប លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា១៩៧៧ -២០ មិថុនា ២០២៥) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់ អាវុធនិងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិមាតុភូមិនៃយើង រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការជាមួយក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងរៀបចំគោរពវិញ្ញាណក្ខន្ធ និងដាក់ កម្រងផ្កាចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅមហាចេតិយ ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕