(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ កំពុងដំណើរការតាមផែនការ ដែលបានគ្រោងទុក ហើយនឹងបញ្ចប់ទាំងស្រុង នៅចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ផន រឹម បានបញ្ជាក់ទៀតថា គិតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីក ហ្វូណនតេជោ បានដំណើរការដោយរលូនតាមការគ្រោងទុក ទោះក្រុមការងារអន្តរក្រសួងប្រឈមបញ្ហាខ្លះក្តី។

លោក ផន រឹម បានបន្ថែមថា បញ្ហាប្រឈមនោះរួមមាន៖ ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូលដោយត្រូវឆ្លងកាត់វាលស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាពរអិលខ្លាំងជាដើម។ល។ បេសកកម្មចុះ កំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស​អន្តរក្រសួង​សម្រេចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។

គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ បញ្ចប់ការងារ​សម្រាប់​កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។

កិច្ចការខាងលើនេះបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។ ចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុង ខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ចំនួន២៣២បង្គោល។

សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ហើយ។ ក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារ។

លោក ផន រឹម បានបន្ថែមថា បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការ នៅខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់ចំនួនគ្រឿងចក្រ ដែលត្រូវធ្វើការ​ប្រើប្រាស់​​ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួមក្រុមហ៊ុនសាងសង់ បានត្រៀមគ្រឿងចក្ររួចរាល់ រង់ចាំតែការអនុវត្ត​នីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-) ទើបការសាងសង់ចាប់ផ្តើមបាន៕