(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ក្នុងគោលបំណងជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពឌីជីថលរបស់កម្ពុជា។

ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាពលោក លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយមន្ត្រីជាន់ខ្ពស់ក្រសួង ព្រមទាំងមានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ AUPP និងភ្ញៀវមកពីបណ្តាឧស្សាហកម្ម និងបច្ចេកវិទ្យាផងដែរ។

នៅក្នុងសុន្ទរកថាបើក ប្រធានសាកលវិទ្យាល័យ AUPP លោក Malcolm McIver បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់មន្ទីរពិសោធន៍ក្នុងការផ្សារភ្ជាប់វិស័យអប់រំ និងវិស័យឧស្សាហកម្ម។ លោកបានលើកឡើងថា «មន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍នេះនឹងផ្តល់ឱ្យសិស្សានុសិស្ស និងដៃគូឧស្សាហកម្មរបស់យើងនូវឱកាសដើម្បីទទួលបានជំនាញក្នុងពិភពពិត ពោលគឺជំនាញដែលពាក់ព័ន្ធ និងមានតម្រូវការក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ននេះ។ មន្ទីរពិសោធន៍នេះក៏នឹងអនុញ្ញាតឱ្យមានការសិក្សា និងស្រាវជ្រាវដោយផ្ទាល់ក្នុងផ្នែកបច្ចេកវិទ្យាគំរូរបស់មនុស្សយន្ត បញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត និងកម្មវិធីប្លុកឆេន (blockchain)»

លើសពីនេះទៅទៀត លោកបានបន្ថែមថា មន្ទីរពិសោធន៍នេះនឹងជំរុញកិច្ចសហការរវាងនិស្សិត សាស្រ្តាចារ្យ និងផ្នែកឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងស្វែងរកលទ្ធភាពថ្មីៗ ហើយវានឹងជួយធានាថា ប្រទេសកម្ពុជាមិនត្រឹមតែដើរតាមយុគសម័យឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មទៀតផង។

ថ្លែងនៅក្នុងពិធីនេះ ប្រធានសាកលវិទ្យាល័យ AUPP លោក Malcolm McIver ក៏បានបង្ហាញអំពីចក្ខុវិស័យរបស់គាត់ថា មន្ទីរពិសោធន៍នេះ នឹងដើរតួជាស្ពានតភ្ជាប់រវាងវិស័យអប់រំ និងឧស្សាហកម្ម រវាងការស្រាវជ្រាវ និងការអនុវត្តន៍ជាក់ស្តែង និងជាពិសេស រវាងប្រទេសកម្ពុជា និងសហគមន៍បច្ចេកវិទ្យាសកល។ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យជួយរៀបចំ និងបង្កើនការកសាងសមត្ថភាពមនុស្សជំនាន់ក្រោយ ដើម្បីដឹកនាំបង្កើតគំនិតច្នៃប្រឌិត និងជួយតម្រង់ទិសអនាគតឌីជីថលរបស់កម្ពុជា។

តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការ លោក លីវ សុផាណារិទ្ធ បានរំលឹកឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ លោកបានបញ្ជាក់ថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានទទួលស្គាល់ជាយូរមកហើយថាការប្រែក្លាយឌីជីថលមិនមែនគ្រាន់តែជានិន្នាការប៉ុណ្ណោះទេ ប៉ុន្តែវាជាភាពចាំបាច់»

នាឱកាសនោះ លោកបានបន្ថែមថា «មន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដំណើរនៃការចាប់ផ្តើមសម្រាប់ការច្នៃប្រឌិត ជាកន្លែងសម្រាប់ការពិសោធន៍ និងជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហការ។ ទន្ទឹមនឹងនេះ វាក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាន់យករួមមាន នវានុវត្តន៍ ភាពធន់ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»

នៅក្នុងសុន្ទរកថារបស់លោក លីវ សុផាណារិទ្ធ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការគាំទ្រចក្ខុវិស័យ និងបេសកកម្មរបស់មន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល លើកកម្ពស់ការអប់រំ និងបង្កើតភាពច្បាស់លាស់នៃបទប្បញ្ញត្តិសម្រាប់នវានុវត្តន៍ ប្រកបដោយការទទួលខុសត្រូវ។ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកសិក្សា អ្នកស្រាវជ្រាវ សហគ្រិន និងសិស្សានុសិស្ស ដើម្បីធ្វើឱ្យមន្ទីរពិសោធន៍នេះក្លាយជាបណ្តុំនៃការពិសោធន៍។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវបានគេមើលឃើញថាជាជំហានឆ្ពោះទៅមុខដ៏ក្លាហានមួយសម្រាប់ដំណើរឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា ដើម្បីក្លាយជាសង្គមមួយដែលជឿនលឿន ឌីជីថល និងនវានុវត្តន៍។ មន្ទីរពិសោធន៍នេះនឹងបន្តរួមចំណែកអភិវឌ្ឍបច្ចេកវិទ្យាស្នូល រួមមានបច្ចេកវិទ្យាគំរូរបស់មនុស្សយន្ត (robotics) បញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត (cybersecurity) និងកម្មវិធីប្លុកឆេន (blockchain)។ វាក៏នឹងដើរតួជាកាតាលីករជំរុញកិច្ចសហការរវាងសាកលវិទ្យាល័យ និងរាជរដ្ឋាភិបាល រវាងនិស្សិត និងបច្ចេកវិទ្យា ហើយសំខាន់បំផុតនោះគឺរវាងប្រទេសកម្ពុជា និងពិភពលោក។
=FRESH NEWS