(ពោធិ៍សាត់)៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង, លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោង និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ ស្ថិតក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី(AIIB) ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអបអរសាទរ ចំពោះគម្រោងដ៏ធំសម្រាប់ទឹកដីខេត្តពោធិ៍សាត់ ដែលមានទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ការសាងសង់ និងអភិវឌ្ឍ លើវិស័យធនធានទឹក ដែលជាតម្រូវការចាំបាច់ និងមានសក្កដានុពលបំផុត ចំពោះប្រព័ន្ធស្រោចស្រព ដើម្បីបម្រើឱ្យការប្រើប្រាស់ទឹក គ្រប់គ្រងទឹក ជាពិសេសបានផ្តល់នូវអត្ថប្រយោជន៍ចំពោះវិស័យកសិកម្ម ទៅលើភូមិសាស្រ្តក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន។ ជាការពិតណាស់ថា គម្រោងនេះ នឹងមិនអាចជោគជ័យទៅបាននោះទេ បើសិនជាគ្មានការសិក្សាច្បាស់លាស់ និងការរៀបចំផែនការត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ។
លោកបានជម្រាបជូនថា រដ្ឋបាលខេត្តបានរៀបចំបង្កើតគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ដើម្បីចូលរួមសហការជាមួយក្រុមការងារអន្តរក្រសួង ក្នុងការចុះពិនិត្យ វាស់វែង វាយតម្លៃផលប៉ះពាល់ និងដោះស្រាយបណ្តឹងតវានានា ដែលជាបញ្ហាប្រឈម ដល់ដំណើរការនៃគម្រោងនេះផងដែរ។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង មានប្រសាសន៍ចូលរួម និងបានបញ្ជាក់ថា ភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាខេត្តដែលទទួលបានគម្រោងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគម្រោងដែលជាហិរញ្ញប្បទាន ដែលជាទុនវិនិយោគលើវិស័យធនធានទឹក ដែលមានតម្លៃជាង៥០០លានដុល្លារ។ ទន្ទឹមនេះក៏មានគម្រោងដ៏ទៃទៀតជាច្រើន ដែលជាសក្តានុពលលើគ្រប់វិស័យ ជាពិសេសវិស័យធនធានទឹក។ ដោយឡែកគម្រោងទំនប់ក្បាលហុងនេះ គឺចំណាយថវិកាប្រមាណជិត៣០០លានដុល្លារ ដែលយើងដាក់ប្រធានបទនៃគម្រោងនេះ គឺគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានចម្រុះ ដើម្បីធានាឱ្យការគ្រប់គ្រងទឹក ឱ្យមានប្រសិទ្ធភាព អាចបែងចែកទឹកបានទាន់ពេលវេលាគ្រប់គ្រាន់ សម្រាប់ស្រោចស្រពដីស្រែប្រមាណពី២ម៉ឺន ទៅ២០ម៉ឺនហិកតា។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នេះជាការខិតខំរបស់រដ្ឋបាលខេត្ត ជាពិសេសការខិតខំរបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការធ្វើការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ នៅតាមច្រាំងស្ទឹង នៃទីតាំងគម្រោង ដែលអាចធ្វើឱ្យធនាគារទាំងពីរ ផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។
លោក អ៊ឹមសិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោង បានថ្លែងអំណរគុណ ចំពោះប្រតិភូអន្តរក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរដែនដី មន្ទីរជំនាញ ចំពោះការចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ ជាការពិតណាស់ថា គម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារមានការគាំទ្រពីអាជ្ញាធរដែនដី។ បច្ចុប្បន្នយើងមានឯកសារគ្រប់គ្រាន់ដែលបានសិក្សារួច និងបានត្រៀមរួចរាល់ ក្នុងការអនុវត្តតាមផែនការ ដែលបានដាក់ចេញ ដើម្បីឱ្យដំណើរការគម្រោងនេះ បានរលូន និងឆាប់រហ័ស៕