(ភ្នំពេញ)៖ Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃលើកដំបូងនៅកម្ពុជា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអ្នកចូលសាកសួរសំណួរ និងស្រាវជ្រាវអត្ថបទផ្សេងៗ រហូតដល់ទៅ ជាង១០ម៉ឺនសំណួរ។ នេះបើតាមការបញ្ជាក់ពីលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI ថ្លែងប្រាប់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ AI លើកដំបូងនៅប្រទេសកម្ពុជា, អនុញ្ញាតឲ្យវាយសួរនាំ «ព័ត៌មានទូទៅ និងចំណេះដឹងយ៉ាងទូលំទូលាយ» ឆ្លើយតបយ៉ាងលឿនរហ័ស, សង្ខេបព័ត៌មាន ដោយ AI និងបង្ហាញលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធី AI បង្កើតឡើងដោយកូនខ្មែរ ភាសាខ្មែរ នេះដើរតួនាទីជា AI ផងនិងដូច Google ផ្តល់ព័ត៌មានជូនលោកអ្នកយ៉ាងរហ័ស។

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធី Fresh AI ជាកម្មវិធីឆ្លាតវៃលើកដំបូងរបស់កម្ពុជា ហើយសម្តេចបានប្រើប្រាស់ហើយ ងាយស្រួលឆ្លើយតបព័ត៌មានរហ័ស។

Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន»។

Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ហើយបាននឹងកំពុងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឲ្យព័ត៌មានកាន់តែច្រើនឡើងៗ ដោយក្នុងមួយថ្ងៃបញ្ជូលព័ត៌មានប្រមាណ១០០អត្ថបទ។

Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយក៏ជាសមិទ្ធផលទី៣របស់លោក លឹម ជាវុត្ថា, រួមមាន៖ Fresh News, CoolApp, Fresh AI ហើយសមិទ្ធផលទាំងបីគឺជាស្នាដៃកូនខ្មែរ និងជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ៕

Fresh AI ប្រើលើទូរស័ព្ទ Mobile App និងគេហទំព័រ !
Free Download: https://ai.freshnews.com.kh/download