(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។
ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាដំណាក់កាល ដូចខាងក្រោម៖
ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមាចំនួន ៤ដង សម្រាប់ការទទួលសេវាពិនិត្យផ្ទៃពោះមុនពេលសម្រាលកូន។
ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលតែ ១ដងគត់ ដូចខាងក្រោម៖សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀលសម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៦០០ ០០០ (ប្រាំមួយសែន) រៀលសម្រាលកូនភ្លោះ (បី) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ក្នុងករណីសម្រាលកូនភ្លោះចំនួនលើសពីនេះ ទទួលបាន ២០០ ០០០ (ពីរសែន) រៀល សម្រាប់កូនភ្លោះម្នាក់បន្ថែម។
ដំណាក់កាលទី៣៖ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមា ចំនួន ១០ដង ក្នុងនោះ ៣ដង នៅពេលទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ដង នៅពេលកូនទទួលថ្នាំបង្ការរហូត ដល់កូនអាយុ ២ឆ្នាំ៕