(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងការសម្របសម្រួលវិវាទដីធ្លី រវាងភាគីម្ខាង៣៦៧គ្រួសារ និងភាគីម្ខាងទៀត១២៨គ្រួសារ នៅលើទំហំផ្ទៃដី ១៦០០ហិកតា ស្ថិតភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដែលជាទំនាស់ដ៏រាំរ៉ៃយូរណាស់មកហើយ។ ពិធីនេះរៀបចំឡើងនៅសាលប្រជុំសាលាស្រុកកំពង់ស្វាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
លោក នួន ផារ័ត្ន បញ្ជាក់ដាដោយឈរលើគោលការណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែណែនាំឱ្យអាជ្ញាធរមូលដ្ឋានឱ្យព្យាយាមដោះស្រាយវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នាដោយសន្តិវិធី។
លោកបន្តថា «នេះគឺជាករណីមួយដោះស្រាយវិវាទ ដោយយើងចាត់ទុកថាឈរលើនយោបាយឈ្នះ!ឈ្នះ! ទោះបីមិនឈ្នះតាមចិត្តដែលយើងចង់បាន ប៉ុន្តែយើងអាចឈ្នះតាមអ្វីដែលយើងអាចយកបានទាំងអស់គ្នា»។
លោក នួន ផារ័ត្ន បានថ្លែងអំណគុណបងប្អូនប្រជាពលរដ្ឋទាំងទាំងអស់ ដែលបានស្រុះស្រួលគ្នាឈរលើនយោបាយឈ្នះ!ឈ្នះ! ទាំងអស់គ្នា បញ្ចប់រឿងនេះ ហើយមានសេចក្ដីសុខផ្លូវចិត្តរៀងៗខ្លួន៕