(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងភរិយា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងនគរបាលជាតិ និងកងទព័ជួរមុខ ដែលបាននិងកំពុងឈរជើងបំពេញភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិ ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
ពិធីសំណេះសំណាលបានធ្វើឡើង នៅទីបញ្ជាការគណបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ ដ្បិតអំណោយដែលនាំយកទៅនោះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកអភិសន្តិបណ្ឌិត ស សុខា និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលការពារព្រំដែន និងកងទ័ពទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដ៍ឧដុង្គឧត្តម ការពារបូរណភាពទឹកដី និងត្រៀមអនុវត្តបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
តាងនាមកងកម្លាំងនគរបាលរាជធានីភ្នំពេញ ក៍ដូចជាប្រជាពលរដ្ឋរាជធានីភ្នំពេញ, ស្នងការនគរបាលរាជធានីភ្នំពេញ បានប្តេជ្ញាគាំទ្រនិងបន្តជួយឧបត្ថម្ភទាំងសម្ភារ មធ្យោបាយ ថវិកា ស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ដល់កម្លាំងជួរមុខបន្តបន្ទាប់ទៀត។ ជាពិសេសកងកម្លាំងនគរបាលរាជធានីភ្នំពេញ ទោះក្នុងពេលវេលាមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ ប៉ុន្តែក៍បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីជួយគាំទ្រកម្លាំងជួរមុខផងដែរ និងជូនពរកម្លាំងជួរមុខមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕