(ភ្នំពេញ)៖ លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានអញ្ជើញតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ​កែទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងសហការី នៃ អ.គ.ហ. លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការវាយតម្លៃថ្នាក់ខេត្ត និង ក្រុង-ស្រុក ព្រមទាំង អ្នកគ្រប់គ្រង និងមន្រ្តី នៅតាមអង្គភាពគោលដៅនៃការវាយតម្លៃ ជាពិសេសនៅកម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលត្រូវអនុវត្តការវាយតម្លៃក្នុងឆ្នាំ២០២៥នេះ សរុបប្រមាណ ៧០០នាក់។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សិក្ខាកាមទាំងអស់បានទទួលបានយកចិត្តទុកដាក់ក្នុងការចូលរួម តាមដាន និងស្តាប់ការពន្យល់បកស្រាយនូវរាល់ខ្លឹមសារ​នៃបទ​បង្ហាញ​លើប្រធានបទគន្លឹះមួយចំនួនរួមមាន៖ (១) អនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល (២) ស្ដង់ដា ឬ និយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលសម្រាប់មណ្ឌលសុខភាព (៣)ស្ដង់ដា ឬនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំសម្រាប់បឋមសិក្សា និងអនុវិទ្យាល័យ (៤) ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្របគ្រងធនធានមនុស្ស និងការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ក្នុងអង្គភាព និង (៥) ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ។

នាឱកាសនេះលោកបណ្ឌិត យ៉េត វីណែល បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ជាឱកាសដ៏មានតម្លៃសម្រាប់គ្រប់តួអង្គដែលមានការពាក់ព័ន្ធ ដែលចង់ចេះ ចង់ដឹងនិងក្តាប់ឱ្យបាននូវរាល់ខ្លឹមសារពាក់ព័ន្ធ​ទៅនឹងស្តង់ដា​សេវាសាធារណៈ ពាក់ព័ន្ធនឹងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុសុ្ស នៅក្នុងអង្គភាព ក៏ដូចជាឧត្តមានុវត្តន៍ និងនវានុវត្តនៃការផ្តល់សេវាសាធារណៈ។

ដើម្បីជំរុញឧត្តមានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ និងវិធីសាស្រ្ត នៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជូនអង្គភាពជុំវិញរដ្ឋបាលខេត្តកណ្តាល និងទូទាំងប្រទេសកម្ពុជាលោកបណ្ឌិត យ៉េត វីណែល បានផ្តល់អនុសាសន៍ចំនួន៣ ចំណុចដូចខាងក្រោម៖

ទី១៖ សូមគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈនៅរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក ត្រូវ៖ ជំរុញដល់គ្រប់អង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ឱ្យចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំងការផ្តល់សេវាសាធារណៈគំរូ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល​សម្រាប់វិស័យអប់រំ និង វិស័យសុខាភិបាល

រៀបចំប្រកាសចាប់ផ្តើមទទួលពាក្យបេក្ខជនដែលជាអង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដែលត្រូវចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ ដោយផ្អែកទៅតាមពេលវេលាកំណត់, និង អនុវត្តការវាយតម្លៃប្រកបដោយតម្លាភាព គណនេយ្យភាព និងផ្អែកលើសូចនាករនៃតារាងលក្ខណៈវិនិច្ឆ័យគោលទាំង៨ ដែលកំណត់ឡើងដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដើម្បីជ្រើសសម្រាំងយកបេក្ខភាពអង្គភាពដែល្អជាងគេ សម្រាប់ចូលរួមប្រកួតប្រជែងបន្តនៅកម្រិតថ្នាក់ជាតិ។

ទី២៖ សូមអាជ្ញាធរមូលដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យពាក់ព័ន្ធជួយសម្របសម្រួល គាំទ្រ ទៅដល់គ្រប់អង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដើម្បីបង្កលក្ខណៈឱ្យ អង្គភាពទាំងអស់នេះ មានឱកាសចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ។ និង

ទី៣៖ សូមសាមីអង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាពនីមួយៗ ត្រៀមលក្ខណៈរៀបចំអង្គភាពរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។

លោកបណ្ឌិត យ៉េត វីណែល ក៏បានវាយតម្លៃខ្ពស់ចំពោះ សិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការទទួលបានពុទ្ធិថ្មីៗជាមូលដ្ឋានបំពេញតួនាទីរបស់ខ្លួន និង រួមចំណែកពង្រឹង និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនៅតាមមូលដ្ឋាននៃការទទួលខុសត្រូវរបស់អង្គភាពរៀងៗខ្លួន៕