(ភ្នំពេញ)៖ លោកស្រី​ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់សម្របសម្រួលសុខភាពតែមួយ តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE និង RACSMEI «Kick-Off Event for Research Studies VIRAGE and RACSMEI»។

ពិធីខាងលើនេះបានធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីលោក Jacques Pellet ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា, លោកសាស្ដ្រាចារ្យ Andre' Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, តំណាងពីស្ថានទូតអង់គ្លេស និងបណ្ដាក្រសួងពាក់ព័ន្ធមួយចំនួនទៀតពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជននិងកីឡា, តំណាងដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអន្តរជាតិជាច្រើនរូបទៀត សរុបចំនួន ១៦០នាក់។

លោកស្រី​ យក់ សម្បត្ដិ បានថ្លែងឱ្យដឹងថា គោលបំណង នៃកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE ដើម្បីពិនិត្យមើល ការយល់ដឹង និងវិធានការការពារ ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា ចំណែកឯ RACSMEI គឺដើម្បីការវាយតម្លៃហានិភ័យ នៃការរីករាលដាល ជំងឺឆ្លងនានា ក្នុងបរិបទសុខភាពតែមួយ។ ក្នុងនោះអភិក្រមសុខភាពតែមួយ (One Health Approach) គឺជាវិធីសាស្ត្ររួមបញ្ចូលអន្តរាគមន៍ មនុស្ស សត្វ និងបរិស្ថាន ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងតាមដានជំងឺនៅប្រទេសកម្ពុជា និងកំណត់គោលដៅអន្តរាគមន៍ ផ្នែកសុខភាពសាធារណៈ ប្រកបដោយភាពជាក់លាក់។

លោកស្រីរដ្ឋលេខាធិការបានថ្លែងបន្ដថា «ខ្ញុំសូមលើកទឹកចិត្ដដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមផ្ដល់នូវធាតុចូល ដើម្បីឱ្យការងារសិក្សាស្រាជ្រាវ VIRAGE និង RACSMEI ទទួលបាននូវព័ត៌មានជាក់លាក់ច្បាស់លាស់ ដែលអាចយកលទ្ធផលនៃការអង្កេតយកសិក្សាស្រាវជ្រាវ នៅក្នុងបរិបទសុខភាពតែមួយរបស់យើងឱ្យបានគ្រប់ជ្រុងជ្រោយ ដែលសុខភាពតែមួយនេះ គឺសំដៅទៅសុខភាពមនុស្ស សុខភាពសត្វ និងបរិស្ថាន»។

ជាចុងបញ្ចប់ លោកស្រីបានថ្លែងអំណរគុណដល់ស្ថានទូតបារាំង ស្ថានទូត​អង់គ្លេស​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC), AFD និងដៃគូអភិវឌ្ឍទាំងអស់ដែលចូលរួមគាំទ្រនូវគម្រោងសុខភាពតែមួយ (One Health) នៅកម្ពុជា ពិសេសបានថ្លែងស្វាគមន៍រាល់ការចូលរួមជាបន្ដបន្ទាប់ពីក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍនានា៕