(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងថ្មី ដោយប្រកាសពីការបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនានេះតទៅ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដូច្នេះថា «សូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ មេត្តាជ្រាបថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត»។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕