(សៀមរាប)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ និងភរិយា បានចូលរួមក្នុងពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះជន្មគម្រប់៨៩ យាងចូល៩០ព្រះវស្សា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងមានពិធីសូត្រមន្តចម្រើនព្រះបរិត្តថ្វាយព្រះពរ និងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៩អង្គ ។
ក្នុងថ្ងៃនេះដែរ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ហ្លួងម៉ែ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំកម្មវិធីដ៏វិសេសវិសាលមួយ ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្តគឺ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» យេីងរួមគ្នាសង្រ្គោះជីវិត។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសិរីមង្គលដ៏បវរនេះ ទូលព្រះបង្គំយេីងខ្ញុំទាំងអស់គ្នា សូមប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក បារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមមេត្តាគ្រងរក្សាបីបាច់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមទ្រង់ប្រកបនូវព្រះបារមីឫទ្ធានុភាពខ្លាំងក្លា ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សែនត្រជាក់ត្រជុំដល់កូនចៅជាប្រជារាស្រ្តទាំងអស់គ្នា៕