(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្ត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំង នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការចាប់ផ្តើមដំណើរការសាងសង់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សម្ដេចតេជោបានសម្រេចផ្តល់ដីកសាងអន្តេវាសិកដ្ឋានលើផ្ទៃដី២ហិកតា ដែលមានតម្លៃជាង១០លានដុល្លារ សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមក បន្តការសិក្សានៅរាជធានីភ្នំពេញ។

តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្លូវការ របស់សម្ដេចតេជោ បានបង្ហោះកាលពីថ្ងៃទី៤ មិថុនាថា បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី, សម្តេចបានសម្រេច ក្នុងនាមជាមេគ្រួសារ ដោយយកដី២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន នៅជ្រោយចង្វារ ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាននេះឡើង។

បើតាមគម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់ នៅបាន៥០៤នាក់ ដោយក្នុង១បន្ទប់ៗ ស្នាក់នៅបានចំនួន៤នាក់ មានបន្ទប់ទឹក និងចង្ក្រានបាយផងដែរ។ នៅជាន់ទី១ ទី២ និងទី៣ មានបន្ទប់ស្នាក់នៅចំនួន១២៦បន្ទប់ រាងអក្សរ U។

ក្នុងនោះ ក៏មានបំពាក់ឧបករណ៍ទឹកស្អាត២ឈុត សាងសង់ក្លោងទ្វារធំចំនួន១ ដងទង់ជាតិ១ របង និងផ្លូវបេតុង ព្រមទាំងមានតារាងបាល់បោះ១ និងបាល់ទះ១ផងដែរ។ ចំពោះរយៈពេលសាងសង់ មានប្រមាណ១ឆ្នាំកន្លះ។ ក្នុងអគារនេះ ក៏មានការកសាងប៉ុស្តិ៍សុខភាព នៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យ ប្រចាំការផងដែរ។

តាមការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន ក្រោយការសាងសង់អគារនេះរួច នឹងប្រគល់ជូនជាសម្បត្តិរដ្ឋ គ្រប់គ្រងដោយក្រសួងកិច្ចការនារី។ សម្តេចតេជោ សង្ឃឹមថា អន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តី ក្នុងការកសាងប្រទេសជាតិ៕