(កំពត)៖ លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ការទទួលបានហិរញ្ញប្បទាន» ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក ពេញ ធារម្យ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោក-លោកស្រីជាប្រតិភូអមដំណើរ លោកស្រី សុឹម ណារី ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ លោក សុន សេងហួត បានលើកឡើងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីគាំទ្រការកសាងសមត្ថភាពស្របតាមតម្រូវការ ជួយដល់សហគ្រាសសិប្បកម្ម ក្នុងការពង្រឹងចំណេះដឹង ផ្នែកហិរញ្ញវត្ថុ បង្កើនការត្រៀមខ្លួនក្នុងការវិនិយោគ និងជួយជាគំនិតយោបល់ និងបទពិសោធន៍ខ្លះៗដល់ម្ចាស់សហគ្រាស សិប្បកម្មដើម្បីទទួលបានហិរញ្ញប្បទាន និងដើមទុន សម្រាប់ពង្រីកអាជីវកម្មប្រកបដោយចីរភាព។
លោករដ្ឋលេខាធិការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ បន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោនដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់ជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ជាក់ស្ដែងថ្ងៃនេះ ក្រោមការជួយគាំទ្រពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការទទួលបានហិរញ្ញប្បទាន» ដើម្បីជួយបង្កើនចំណេះដឹងដល់ម្ចាស់សហគ្រាស និងសិប្បកម្ម អំពីប្រភពហិរញ្ញប្បទាន ពីធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍនានា លើការគាំទ្រដល់ការបង្កើត និងការពង្រីកអាជីវកម្ម នីតិវិធីនៃការស្នើសុំហិរញ្ញប្បទាន ដើម្បីពង្រឹងសមត្ថភាពដល់ម្ចាស់សិប្បកម្ម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ចំណូលចំណាយ ដោយច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ។
លើសពីនេះទៀត សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដល់ម្ចាស់សហគ្រាស និងសិប្បកម្មនៅក្នុងខេត្តកំពត ដែលតែងតែជួបនូវបញ្ហា ក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់ពង្រីកអាជីវកម្មប្រកបដោយចីរភាព។ ដូចនេះ ជាការរំពឹងទុក លោករដ្ឋលេខាធិការ នឹងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ ជាជំហានមួយយ៉ាងសំខាន់ និងប្រកបដោយផ្លែផ្កា ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន៕