(បាត់ដំបង)៖ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្តរបស់ថៃ ចំនួន៣ រួមមាន ខេត្តស្រះកែវ, ច័ន្ទបុរី និងខេត្តត្រាត ដែលមានច្រកទ្វារអន្ដរជាតិចំនួន២ និងច្រកទ្វារតំបន់ចំនួន៣។
លោកបានបន្ដថា ច្រកទ្វារព្រំដែនអន្តរជាតិទាំង២ និងច្រកទ្វារព្រំដែនតំបន់ទាំង៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានដំណើរការឲ្យមនុស្សចេញចូលធម្មតា មិនមានអ្វីប្រែប្រួលទេ ដោយគ្រាន់តែកំណត់ពេលវេលាចេញចូលឡើងវិញ គឺចាប់ពីម៉ោង៩៖០០នាទី រហូតដល់ម៉ោង៤៖០០នាទីរសៀល។ លើកលែងតែ ច្រកទ្វារអន្ដរជាតិដូងប៉ុណ្ណោះ ដែលបិទមិនឲ្យទំនិញចេញចូល។
សូមជម្រាបថា កាលពីមុននេះច្រកទ្វារព្រំដែនអន្តរជាតិ អនុវត្តចាប់ពីម៉ោង ៦៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់ និងច្រកទ្វារតំបន់ព្រំដែនពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ម៉ោង៦៖០០នាទីល្ងាច។ ជាគោលការណ៍រួម នៃភាគីទាំងពីរ (កម្ពុជា -ថៃ) ដែលបានអនុវត្តកន្លងមកមុនសភាពការណ៍ប៉ះទង្គេចគ្នានៅតំបន់មុំបី។
សម្រាប់ច្រកទ្វារព្រំដែនក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង មានទល់ជាមួយភាគីថៃរួមមាន៖
* ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ហៅគីឡូលេខ១៣ ក្នុងស្រុកសំពៅលូន ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្រុកខ្លងហាត ខេត្តត្រាត
* ច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្រុកកំរៀង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី
* ច្រកទ្វារព្រំដែនតំបន់អូររំដួល ស្រុកភ្នំព្រឹក ទល់នឹងច្រកទ្វារព្រំដែនបានសាត់តារី ស្រុកសយដាវ ខេត្តច័ន្ទបុរី
* ច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ ហៅអូរអន្លក់ ស្រុកកំរៀង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានសួនស៊ុំ ស្រុកសយដាវ ខេត្តច័ន្ទបុរី
* ច្រកទ្វារតំបន់ព្រំដែនបួនរយ ស្រុកសំឡូត ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបររ៉ៃ ខេត្តត្រាត៕