(ភ្នំពេញ)៖ កម្ពុជា បានដាក់ចេញនូវវិធានការ៦ចំណុច ក្នុងការឆ្លើយតបចំពោះប្រទេសថៃ ដែលបិទព្រំដែន, និងដាក់ពង្រាយកម្លាំងក្នុងទង្វើមិនធម្មតាមួយ ដាក់មកលើប្រទេសកម្ពុជា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅពេលដែលប្រទេសជិតខាងយើង បិទទ្វារព្រំដែន កាត់ខ្សែច្រវ៉ាក់នៃជីវិតកំពុងរកស៊ីរបស់យើង ហើយថែមទាំងបញ្ជូនកងកម្លាំងរថក្រោះ និងទាហាន ទៅកាន់តំបន់ព្រំដែនទៀតនោះ វាមិនមែនជាទង្វើនៃការភាន់ច្រឡំណាមួយឡើយ។ វាគឺជាសញ្ញាមិនធម្មតា, សញ្ញាព្រមាន ដែលយើងត្រូវតែរៀបចំវិធានការដើម្បីតបតទៅវិញ។ សកម្មភាពដ៏កម្រោលរបស់ថៃ មកលើកម្ពុជានាពេលថ្មីៗនេះ គឺលើសពីអ្វីដែលប្រទេសថៃ ធ្លាប់បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព្រំដែនសន្តិភាព។ នេះជាសម្ពាធចេញពីប្រ ទេសជិតខាងមួយ ដែលកម្ពុជា មិនអាចទ្រាំឱបដៃមើលបន្តទៀតបានឡើយ។

ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានដាក់ចេញវិធានការ៦ចំណុច ក្នុងការតបតទៅវិញ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចដឹកនាំប្រទេសបានថ្លែងថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ»

វិធានការទាំង៦របស់កម្ពុជារួមមាន៖

១៖ ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
២៖ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

៣៖ បង្វែរអ្នកជំងឺ ដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

៤៖ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

៥៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

៦៖ បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

វិធានការណ៍តបតទាំង៦ចំណុចរបស់កម្ពុជា មិនមែនគ្រាន់តែជាការឆ្លើយតបចំពោះទង្វើបំពានរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រមូលផ្តុំគ្នា ដើម្បីសេចក្តីថ្លៃថ្នូររបស់ជាតិ។ វាជាសារមួយ ដែលបញ្ជាក់ថា ប្រទេសកម្ពុជា មិនត្រូវបានឱ្យគេសម្លុត ឬក៏នៅស្ងៀមបណ្តោយឱ្យគេធ្វើអ្វីស្រេចតែនឹងចិត្ត នៅពេលដែលបានឃើញដោយច្បាស់នូវសកម្មភាពបំពានរបស់ប្រទេសជិតខាងនោះឡើយ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ គិតត្រឹមឆ្នាំ២០២៤ មានប្រមាណ ១០ពាន់លានដុល្លារ ដែលជាការកើនឡើងពី ៨ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ ក្នុងទំហំពាណិជ្ជកម្ម ទ្វេភាគីនេះ ការនាំចូលទំនិញពីកម្ពុជាចូលទៅថៃ មានតម្លៃពី៨០០ ទៅ៩០០លានដុល្លារអាមេរិក ខណៈទំនិញថៃ នាំចូលកម្ពុជា មានច្រើនដល់ជាង៩ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២៥នេះ រដ្ឋាភិបាលទាំងពីរកម្ពុជា-ថៃ បានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៥ន់លានដុល្លារនៅឆ្នាំ ២០២៥។ ដូច្នេះ បើសិនជាមានការបិទច្រកព្រំដែន ដែលបង្កឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំង២ គឺប្រទេសថៃទេ ដែលរងការ ខូចខាតធ្ងន់ជាងប្រទេសកម្ពុជា ខណៈកម្ពុជាក៏មិនមែនមានទីផ្សារតែមួយជាមួយនឹងប្រទេស ថៃនោះឡើយ។

កម្ពុជាមានទីផ្សារធំៗរបស់ខ្លួននៅប្រទេសចិន, វៀតណាម, ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ ជាដើម។ ម្យ៉ាងទៀត កម្ពុជា គឺជាប្រទេសដែលប៉ិនប្រសប់ក្នុងការច្នៃប្រឌិត ពីភាពប្រឈមក្លាយទៅជាឱកាស គួរឱ្យកោតសរសើរ។ កម្ពុជា អាចប្រើប្រាស់ឱកាសនេះ ដើម្បីបង្កើតឱកាស ឬច្នៃប្រឌិតលើវិស័យថ្មីៗ និងជំរុញឱ្យប្រជាជនរបស់ខ្លួនបង្កើនការ ប្រើប្រាស់ផលិតផលរបស់ខ្មែរ ដែលជាការបង្កើននូវស្មារតីឯករាជ្យជាតិថែមទៀត។

* អំណាចនៃការប្រើប្រាស់ផលិតផលខ្មែរ

នៅពេលដែលអ្នកជាពលរដ្ឋខ្មែរ យកប្រាក់ទិញផលិតផលខ្មែរ អ្នកមិនត្រឹមតែគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏កំពុងរួមចំណែកបង្កើនស្មារតីឯករាជ្យជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់អ្នកផងដែរ។ កម្ពុជា ដែលធ្លាប់ជាប្រទេសពឹងផ្អែកលើការនាំចូល ឥឡូវនេះបានបង្ហាញសមត្ថភាពក្នុងការបំលែងសម្ពាធជាឱកាស ដោយក្លាយខ្លួនជាអ្នកនាំចេញជោគជ័យនៃផលិតផលជាតិ ដូចជា អង្ករ ស្វាយចន្ទី ម្រេច និងផលិតផលកសិកម្មជាច្រើនទៀត។ ពិសេសទៅទៀត កម្ពុជាក៏បានបង្ហាញថា មានសមត្ថភាពប្រកួតប្រជែងក្នុងយុគសម័យបច្ចេកវិទ្យាថ្មី ដោយបង្កើតរួចរាល់នូវប្រព័ន្ធឌីជីថលជាម្ចាស់ខ្លួន ដូចជា CoolApp និង Fresh AI ជាដើម។ នេះជាភស្តុតាងថា ប្រទេសកម្ពុជាអាចឈរជើងដោយខ្លួនឯង ដោយមានជំនឿលើខ្លួនឯង និងការគាំទ្រពីប្រជាពលរដ្ឋខ្លួនឯង។

ដូចលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ CoolApp និង Fresh AI បានសរសេរនៅលើបណ្តាញសង្គមបញ្ជាក់ថា៖ «នៅពេលយើងមានបញ្ហាជាមួយប្រទេសជិតខាង ឬបរទេស ទើបយើងដឹងថា «អ្វីដែលជារបស់ខ្មែរខ្លួនឯង គឺមានតម្លៃបំផុត» យើងអាចជៀសផុតពីការគំរាម ការប្រមាថ និងដាក់សម្ពាធគ្រប់យ៉ាងពីគេ ដូច្នេះសកម្មភាពដំបូងដែលយើងត្រូវធ្វើគឺ នាំគ្នាប្រើប្រាស់ផលិតផល និងអ្វីដែលជារបស់ខ្មែរ ដើម្បីកម្ពុជាម្ចាស់ការ ឯករាជ្យដោយខ្លួនឯង សុវត្ថិភាពក្នុងដែនខ្មែរ មិនពឹងបរទេស ឬប្រទេសជិតខាង !»

នេះមិនមែនគ្រាន់តែជាពាក្យស្លោកទេ វាជាយុទ្ធសាស្ត្ររបស់ជាតិ។ ទំនិញដែលផលិតនៅកម្ពុជា មិនមែនជាជម្រើសទីពីរទេ។ ផលិតផលរបស់ខ្មែរ គឺជាអនាគត នៃឯករាជ្យភាពសេដ្ឋកិច្ចរបស់យើង។ ប្រជាជនរបស់យើងគប្បីឈប់រំពឹងតែពីទំនិញបរទេស ហើយយើងត្រូវចាប់ផ្តើមទទួលស្គាល់នូវភាពវៃឆ្លាត ដែលកូនខ្មែរមាននៅក្នុងខ្លួនក្នុងពេលនេះ។

* ពេលវេលាយើងរួបរួមគ្នា

ទោះបីជាកម្ពុជា បានប្រឈមនឹងអំពើប្រមាថបំពានពីប្រទេសថៃក៏ដោយ ប៉ុន្តែកម្ពុជា នៅតែរក្សាភាពចាស់ទុំក្នុងការដោះស្រាយបញ្ហា។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ត្រូវចៀសវាងដាច់ខាតនូវអំពើរើសអើងពូជសាសន៍ ហើយប្រជាជនថៃ ក៏មិនមែនជាសត្រូវរបស់កម្ពុជាដែរ ប៉ុន្តែបញ្ហាគឺស្ថិតនៅលើក្រុមមេដឹកនាំយោធា ដែលមានចរិតរឹងរូស ដែលធ្វើសកម្មភាពហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់ពួកគេតែប៉ុណ្ណោះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈសារនៅបណ្តាញសង្គម៖ «អំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយម ដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ ជាមនុស្សល្អ»

សម្តេចតេជោ បានថ្លែងថា៖ «មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបាន ដូចប្រទេសកម្ពុជាយើងនោះទេ»

កម្ពុជា ជាប្រទេសមិនចង់បានសង្រ្គាមទេ។ កម្ពុជាចង់បានសេចក្តីថ្លៃថ្នូរ និងចង់បានព្រំដែនសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ប៉ុន្តែកម្ពុជា មិនអាចឱ្យគេសម្លុត ឬក៏នៅស្ងៀមបណ្តោយ ឱ្យគេធ្វើអ្វីស្រេចតែនឹងចិត្ត ក្នុងអំពើបំពានឯករាជ្យភាព និងដែនអធិបតេយ្យភាពជាតិឡើយ។ យើងជាប្រជាជនកម្ពុជា គាំទ្រវិធានការ៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាលរបស់យើង ហើយយើងដែលជាប្រជាជាតិមួយក្នុងសេចក្តីថ្លៃថ្នូរ ក៏ត្រៀមខ្លួនជាស្រេចក្នុងការការពារ ដែនអធិបតេយ្យភាពជាតិរបស់យើងផងដែរ។

នេះជាពេលវេលាដែលកម្ពុជាកំពុងបង្ហាញពិភពលោកឱ្យឃើញថា កម្ពុជាអាចឈរដោយខ្លួនឯងបានក្នុងការទប់ស្កាត់ឧបសគ្គទាំងឡាយទោះបីជាឧបសគ្គតូច ឬធំប៉ុណ្ណោះក៏ដោយ។ យើងជាខ្មែរតែមួយ…យើងក្រោកឈរទាំងអស់គ្នា ជ្រើសរើសផលិតផលខ្មែរ ពីព្រោះខ្មែរគឺជា ពូជអ្នកជា!៕