(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វូត បានសម្តែងការគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបការនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ មកលើកប្រទេសកម្ពុជា ក្នុងនោះរួមទាំងវិធានការបិទព្រំដែនមិនឲ្យទំនិញថៃនាំចូលមកកម្ពុជា បើសិនថៃមិនធ្វើឱ្យស្ថានភាពច្រកព្រំដែនទៅរកប្រក្រតីវិញ។

លោកស្រីបានលើកឡើង នេះគឺជាឱកាសមាស សម្រាប់សហគ្រាសនានារបស់កម្ពុជា ក្នុងការបង្កើនការផលិតឱ្យបានកាន់តែច្រើន ឈានទៅផ្គត់ផ្គង់បរិមាណច្រើន និងកាន់តែទូលំទូលាយ ខណៈកន្លងមកទំនិញថៃ ដែលនាំយកមកលក់កម្ពុជា មានបរិមាណយ៉ាងច្រើន។

លោកស្រីមានប្រសាសន៍ថា នៅពេលដែលសហគ្រាសខ្មែរ អាចផលិតក្នុងបរិមាណច្រើនបាន នោះនឹងធ្វើឱ្យថ្លៃដើមនៃការផលិតកាន់តែទាប ដែលអាចបញ្ចេញលក់ទំនិញតម្លៃទាប ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយក៏អាចមានលទ្ធភាពប្រមូលទិញកសិផលពីកសិករ មកកែច្នៃបានកាន់តែច្រើនផងដែរ។ លើសពីនេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពម្ចាស់ការ និងឯករាជ្យ ក្នុងការផលិត ដោយមិនពឹងផ្អែកទៅលើទំនិញនាំចូល។

ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលីរូបនេះបានបន្ថែមថា បើនិយាយពីគុណភាព និងរសជាតិ ផលិតផលខ្មែរមិនចាញ់ផលិតផលនាំចូលនោះទេ ប៉ុន្តែអ្វីដែលធ្វើផលិតផលខ្មែរ ពិបាកប្រកួតជាមួយផលិតផលនាំចូល គឺ«តម្លៃ» ហេតុដូច្នេះហើយ ប្រសិនបើម្ចាស់សហគ្រាស បង្កើតការផលិត ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នោះនឹងជំរុញឱ្យការផលិតមានបរិមាណកាន់តែច្រើន ថ្លៃដើមផលិតទាប ហើយអាចលក់តម្លៃទាបជូនអ្នកប្រើប្រាស់បានផងដែរ។

លោកស្រីគូសបញ្ជាក់ថា ការបិទព្រំដែនកាន់តែយូរ នឹងធ្វើឱ្យផលិតកម្ម ផលិតកែច្នៃចំណីអាហាររបស់កម្ពុជាកាន់តែរឹងមាំ៕

ជាបន្តសូមស្តាប់កិច្ចសម្ភាសរវាងបណ្តាញព័ត៌មាន Fresh News និង ឧកញ៉ា កែវ មុំ ដូចតទៅ៖