(ភ្នំពេញ)៖ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានថ្លែងថា អត្រាមរណភាពទារកដោយសារបញ្ហាស្លាក់ខ្យល់ស្រួចស្រាវអំឡុងពេលសម្រាល គឺបានឈរលើលំដាប់ថ្នាក់ទី២នៃមូលហេតុមរណភាពទារកទូទាំងសកល។ នេះតាមយោងរបាយការណ៍របស់អង្គការសុខភាពពិភពលោក។

លោកស្រីបានថ្លែងទៀតថា អំឡុងពេលសម្រាល ទារកប្រមាណ១៥% មិនអាចដកដង្ហើមបានដោយខ្លួនឯងនោះទេ ហើយទាមទារឱ្យមានការសង្រ្គោះបន្ទាន់នៅក្នុងបន្ទប់សម្រាលផ្ទាល់ ជាពិសេសនៅ១នាទីមាសដំបូងនៃអាយុជីវិតទារក ។ប្រសិនបើមិនមានការជួយសង្រ្គោះបានទាន់ពេលវេលា និងត្រឹមត្រូវទេ ទារកអាចទទួលរងបញ្ហាខួចប្រព័ន្ធប្រសាទខួរក្បាល និងពិការភាព ឬក៏អាចបង្ករឲ្យបាត់បង់អាយុជីវិតបាន ។

ការថ្លែងបែបនេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសបើកសិក្ខាសាលាលើកទី៥ ស្តីពី «START4NEWBORN - ការជួយសង្គ្រោះទារកទើបនឹងកើត» ដែលរៀបចំដោយសមាគមគ្រូពេទ្យទារកកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត។

កម្មវិធីខាងលើនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកសាស្រ្តាចារ្យមកពីប្រទេសស្វីស, សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យគន្ធបុប្ផា, តំណាងស្ថាប័ន អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ប្រធានមន្ទីរពេទ្យខេត្ត ប្រធានមន្ទីរពេទ្យស្រុក ប្រធានមណ្ឌលសុខភាព គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទូទាំងរាជធានីខេត្ត តាមរយៈប្រព័ន្ធ Zoom ជាទីមេត្រី។

លោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដថា «សិក្ខាសាលានេះធ្វើឡើងដើម្បីបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ ទាក់ទងទៅនឹង ការសង្គ្រោះទារកក្រោយសម្រាល ជាពិសេសនៅ១នាទីមាសដំបូងនៃជីវិតទារកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ និងដើម្បីធ្វើបច្ចុប្បន្នភាព អភិវឌ្ឍលើជំនាញរបស់ខ្លួន ព្រមទាំងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ ដល់សិក្ខាកាមទាំងអស់ទាំងស្ថាប័នរដ្ឋ និងឯកជនទាក់ទងនឹងផ្នែកសម្ភពនិងទារក ជាពិសេសគ្រូពេទ្យ ឆ្មប គិលានុបដ្ឋាក ដែលកំពុងបំរើការងារតាមមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក មណ្ឌលសុខភាព ទូទាំងរាជធានីខេត្ត ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ mannequin ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះនិងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា»។

លោកស្រីបានលើកឡើងទៀតថា យោងតាមរយៈរបាយការណ៍សូចនករស្នូលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា មានការចុះថយគួរឲ្យកត់សំគាល់ ពី៣៧នាក់ក្នុងចំនោម ១,០០០កំណើតរស់ ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១,០០០កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ តែទោះបីជាយ៉ាងណា អត្រាមរណភាពទារកនៅកម្ពុជានៅតែមានកំរិតខ្ពស់នៅឡើយ បើធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀត។

ដូច្នេះសិក្ខាសាលារបស់សមាគមគ្រូពេទ្យទារកកម្ពុជានាពេលនេះ នឹងជួយទប់ស្កាត់ផលវិបាកផ្សេងៗទាក់ទងនឹងប្រព័ន្ធប្រសាទរបស់ទារកទៅថ្ងៃអនាគត និងជាពិសេសជួយកាត់បន្ថយ អត្រារមណភាពទារកក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយការងារស្នូលជាអតិភាពចំណុចទី២ ក្នុងចំណោមការងារស្នូលជាអតិភាពទាំង៥ របស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ ក៏បានផ្ដល់ការណែនាំដល់ ថ្នាក់ដឹកនាំ ប្រធានមន្ទីរខេត្ត ប្រធានមន្ទីរពេទ្យស្រុក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្តចំនួន ៤ចំណុច រួមមាន៖

១៖ រៀបចំបណ្តុះបណ្តាលពីជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើតដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ដែលបំរើការងារទាក់ទងនឹងផ្នែកសម្ភព និងទារក និងត្រូវធានាថាពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទារក។

២៖ សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ត្រូវយកចំនេះដឹងនេះទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការបង្ហាត់បង្រៀនបន្ត ដល់សហភាតរៈដែលធ្វើការជាមួយគ្នា។

៣៖ ពង្រឹងគុណភាពក្នុងការផ្តល់សេវាពិនិត្យសុខភាពមុនសម្រាលដល់ស្រ្តីមានផ្ទៃពោះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងអាចមានសមត្ថភាពក្នុងការកំនត់រោគសញ្ញាប្រឈម
ឬរោគសញ្ញាគ្រោះថា្នក់នានាអំឡុងពេលមានផ្ទៃពោះ ដើម្បីធ្វើការបញ្ជូនស្រ្តីមានផ្ទៃពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទាំងម្តាយនិងទារកឲ្យបានទាន់ពេលវេលា។

៤៖ មន្ទីរពេទ្យថ្នាក់ខេត្តត្រូវបង្កើតទំនាក់ទំនងជិតស្និទជាមួយមន្ទីរពេទ្យស្រុក និង មណ្ឌលសុខភាពទាំងអស់ក្នុងតំបន់ ក៏ដូចជាគ្លីនិកឯកជន ដើម្បីសហការបង្កើតប្រព័ន្ធបញ្ចូន ស្រ្តីមានផ្ទៃពោះ និងទារកដែលមានបញ្ហាសុខភាព ឲ្យមានប្រសិទ្ធភាពខ្ពស់៕