(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការចាក់ផ្សាយខ្សែភាពយន្ត និងវីដេអូថៃ តាមស្ថានីយទូរទស្សន៍ ជាមួយម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាការចាក់ផ្សាយរឿងភាពយន្តថៃ ក៏ត្រូវបានហាមឃាត់នៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃ ដែលមានចាក់រឿងភាពយន្តថៃ នៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។ ការចូលរួមអនុវត្តវិធានការរបស់ម្ចាស់ស្ថានីយទូរទស្សន៍ គឺជាបង្ហាញពីការសាមគ្គីភាពជាតិ។
ចំណាត់ការទាំងនេះគឺធ្វើឡើងបន្ទាប់ពីកម្ពុជាបានរងការគំរាមកំហែងពីសំណាក់ក្រុមជ្រុលនិយមថៃមួយចំនួនឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៉ីនធឺណិតមកកម្ពុជា ដោយហេតុថា កម្ពុជា-ថៃ កំពុងផ្ទុះឡើងនូវជម្លោះព្រំដែនគោកជាថ្មីម្តងទៀត។
ក្នុងជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ ក្នុងនោះមានការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាន និងសោតទស្សន៍ រួមមាន៖
*ទី១៖ ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
*ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈណែនាំឱ្យក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងៗចាប់ពីម៉ោង១២ ថ្ងៃទី១៣ ខែមិថុនា
និងទី៣៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានណែនាំឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខេមិថុនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបង្កើតការផលិតមាតិកាល្អៗបញ្ជាក់ពីប្រពៃណី វប្បធម៌ សង្គមរបស់ខ្មែរ កាន់តែមានគុណភាពបន្ថែមទៀត ដើម្បីបង្កើននូវការលើកគុណតម្លៃរបស់ជាតិ តាមរយៈខ្សែភាពយន្ត ឬវីដេអូនានាជាដើម។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងថ្មី ដោយប្រកាសពីការបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនានេះតទៅ គ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។
ដោយឡែកតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានបង្ហោះសារជាបីភាសាមានភាសាខ្មែរ ភាសាថៃ និងភាសាអង់គ្លេស បញ្ជាក់ពីទំហំខាតបង់របស់ថៃ បន្ទាប់ពីកម្ពុជាឈប់ទិញប្រភពអ៉ីនធឺណិតពីប្រទេសថៃមកប្រើប្រាស់។
រដ្ឋមន្ត្រីបានបញ្ជាក់ថា «ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៉ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថាតែកម្ពុជាជាអ្នកធ្វើមែន»។
របាយការណ៍របស់និយតករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ ការជាវសេវាអ៉ីនធឺណិតចល័តមានចំនួន ១៨,២៦៦,៩៥៤ នាក់ និងការជាវសេវាអ៉ីនធឺណិតអចល័តមានចំនួន ៧១៥,៩៨០ នាក់។ សរុបទាំងពីរសេវានេះ បើធៀបនឹងឆ្នាំ២០២៣ គឺមានកំណើន ៧.៨១%។
គួរជម្រាបថា ឆ្លើយតបនឹងក្រុមជ្រុលនិយមថៃ ដែលគំរាមផ្តាច់ភ្លើង និងអ៉ីនធឺណិតឱ្យកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម ន្ត្រីនៃកម្ពុជា បានប្រកាសឈប់ទិញអគ្គិសនី និងអ៉ីនធឺណិត ពីប្រទេសថៃ យកមកផ្គត់ផ្គង់ដល់កម្ពុជាចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥តទៅ ដោយកម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបាន។
សូមរម្លឹកថា ចំណាត់ការរបស់បណ្តាក្រសួងស្ថាប័នរដ្ឋមួយចំនួននេះកើតមានឡើងបន្ទាប់ពីមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃព្រហស្បតិ៍ទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាឱ្យរាល់ក្រសួងស្ថាប័ន ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗ ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរ៕