(ព្រះវិហារ)៖ ប្រជាពលរដ្ឋដែលកំពុងចល័តទៅកាន់តំបន់សុវត្ថិភាព និងងាយរងគ្រោះបំផុត រស់នៅតាមតំបន់ដាច់ស្រយាលជាប់ព្រំដែន ក្នុងទីតាំងចំនួនបី គឺនៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ប្រជាពលរដ្ឋ ៤០៩គ្រួសារ, នៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន ប្រជាពលរដ្ឋ ២៩៩គ្រួសារ និងនៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ប្រជាពលរដ្ឋ ២៩២គ្រួសារ ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលអំណោយសម្រាលការលំបាកពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ការចុះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ខាងលើនេះ បានធ្វើឡើងក្រោមវត្ដមានលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។
មានមតិស្វាគមគន៍នាឱកាសនោះ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនទុកនរណាម្នាក់ចោលឡើយ។
ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យលោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី នាំយកស្បៀងនិងសម្ភារៈ ដើម្បីឆ្លើយតបជួយដល់បងប្អូនរងគ្រោះបំផុតបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះកំពុងចល័តទៅកាន់តំបន់សុវត្ថិភាព។
ក្នុងឱកាសនោះលោក គីម រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ រក្សាភាពស្ងៀមស្ងាត់ និងមានភាពអត់ធ្មត់កុំជឿលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ទន្ទឹមនឹងនោះទោះក្នុងកាលៈទេសៈក៏ដោយកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនទុកបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ចោលនោះទេ។
ជាមួយគ្នានេះ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ក៏បានសំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការផ្តល់សេវាមនុស្សធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានឆាប់រហ័ស និងទាន់ពេលវេលា។
នាថ្ងៃនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិ នាថសីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់ស្បៀង-សម្ភារៈ សម្រាប់ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះបំផុតរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម។
លោក យូ ឡាណា បានគូសបញ្ជាក់ថា «រដូវនេះជារដូវភ្លៀង សូមបងប្អូនប្រជាពលរដ្ឋ ដែលមានកូនតូចទាំងអស់ត្រូវប្រុងប្រយ័ត្នអំពីជំងឺគ្រុនឈាម ត្រូវឱ្យកូនៗគេងនៅក្នុងមុងទាំងថ្ងៃ និងយប់ ត្រូវរក្សាអនាម័យឱ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាតជាពិសេសត្រូវពិសារទឹកដាំពុះ ជៀសវាងកើតជំងឺរាគ និងកើតនូវអាសន្នរោគជាដើម។ ដោយសារអាកាសធាតុប្រែប្រួល សូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ រួមមាន ខ្យល់កន្ត្រាក់ និងផ្គររន្ទះជាដើម ហើយនៅពេលមានភ្លៀងធ្លាក់ត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីជ្រក និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ»។
សម្រាប់អំណោយដែលកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋនាពេលនេះ ដោយក្នុងគ្រួសារនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។
លើសពីនោះ ដើម្បីត្រៀមលក្ខណៈជាស្រេច ម្សិលមិញនេះត្រូវនឹងថ្ងៃទី១២ ខែមិថុនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់លោក យូ ឡាណា នាំយកថវិកា ចំនួន ៥០លានរៀលឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះវិហារ ដើម្បីទុកសម្រាប់ត្រៀមជួយឧបត្ថម្ភទៅប្រជាពលរដ្ឋដែលខ្វះខាត ឬងាយងាយរងគ្រោះភ្លាមៗនៅតាមបណ្ដោយព្រំដែនកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការផ្ដល់អំណោយ រួមទាំងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះវិហារ ជាលើកទី២ហើយ ដោយការឧបត្ថម្ភលើកទី១ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង-សម្ភារចំនួន ៥០០គ្រួសារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀត៕
នៅក្នុងខែមិថការឧបត្ថម្ភទាំង២លើកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា ១០០លានរៀល និងស្បៀង-សម្ភារចំនួន ១៥០០គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀតក្នុងខេត្តព្រះវិហារ៕