(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអតីតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារឲ្យប្រជាពលរដ្ឋខ្មែរ កុំកត់ស្លុតចំពោះព្រឹត្តិការណ៍ និងស្ថានការណ៍ច្របូកច្របល់ដែលបង្កើតដោយទាហានថៃ នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជា-ថៃ កំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែន។

លោក ផៃ ស៉ីផាន ដែលជាអតីតអ្នកឆ្លើយឆ្លងរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្លាប់ប្រឡូកក្នុងសមរភូមិព័ត៌មានពេលកម្ពុជា-ថៃ ប៉ះទង្កិចដាក់គ្នាដោយកម្លាំងប្រដាប់អាវុធកាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ បានរំលឹកឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវស្ដាប់សម្ដីពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និងកត់ត្រាទុករាល់វោហាសាស្ត្រព្រៃផ្សៃ ដើម្បីជាភស្តុតាង និងជាប្រវត្តិសាស្ត្រ ទុកប្រើប្រាស់នៅពេលចាំបាច់ណាមួយ។

បើតាមលោក ផៃ ស៉ីផាន, រូបភាពជាក់ស្ដែងក៏ត្រូវប្រមូលទុក ដើម្បីបង្ហាញការពិតជម្រាបដល់ពិភពលោក និងស្ថាប័នអន្តរជាតិអំពីភាពព្រៃផ្សៃ មិនស៊ីវីល័យ ក្នុងសម័យកាលនេះ។ សាមគ្គីភាព និងឯកភាពជាតិគឺជា វត្ថុស័ក្តិសិទ្ធិ នៅក្នុងប្រជាជាតិកំពុងតែប្រឈមនៅក្នុងស្ថានភាពបច្ចុប្បន្នកាលនេះ។

តាមរយៈបណ្ដាញសង្គម Facebook លោក ផៃ ស៉ីផោាន បានរៀបរាប់យ៉ាងដូច្នេះថា «គោរពជម្រាបជូន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់រាប់អានទាំងអស់ សូមបងប្អូនមេត្តាកុំរំភើប និងតក់ស្លុតដែលទាហានថៃបង្កើតព្រឹត្តិការណ៍ និងស្ថានការណ៍ច្របូកច្របល់ ក្នុងភាពមិនមែនជានីតិរដ្ឋព្រៃផ្សៃប្រាសចាក ពីភាពស៊ីវិល័យមិនគួរជឿបាន នៅសម័យកាលទំនើបនេះ អ្វីដែលបងប្អូនត្រូវធ្វើ គឺសម្លឹងមើលភ្នែកវាឲ្យច្បាស់ ស្ដាប់សម្ដីពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងកត់ត្រាទុករាល់វោហាសាស្ត្រព្រៃផ្សៃ ដើម្បីជាភស្តុតាង និងជាប្រវត្តិសាស្ត្រ ដើម្បីទុកប្រើប្រាស់នៅពេលចាំបាច់ណាមួយ។ រូបភាពជាក់ស្ដែងក៏ត្រូវប្រមូលទុក ដើម្បីបង្ហាញការពិតជម្រាបដល់ពិភពលោក និងស្ថាប័នអន្តរជាតិអំពីភាពព្រៃផ្សៃ មិនស៊ីវីល័យ ក្នុងសម័យកាលនេះ។ សាមគ្គីភាព និងឯកភាពជាតិគឺជា វត្ថុស័ក្តិសិទ្ធិ នៅក្នុងប្រជាជាតិកំពុងតែប្រឈមនៅក្នុងស្ថានភាពបច្ចុប្បន្នកាលនេះ»

សូមជម្រាបថា ការចេញមករំលឹករបស់អតីតអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានបង្ហាញជំហរក្នុងការបង្កសង្គ្រាមជាមួយកម្ពុជា នៅតាមបន្ទាត់ព្រំដែន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្ដិវិធី តាមមធ្យោបាយទ្វេរភាគី ការទូត និងច្បាប់អន្ដរជាតិ៕