(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេល២ម៉ោង ពោលចាប់ពីម៉ោង១២ ដល់ម៉ោង២រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ បានសម្រាករយៈពេលខ្លី។ បើតាមសេចក្ដីរាយការណ៍ពីបន្ទប់ប្រជុំ កិច្ចប្រជុំគ្រោងនឹងចាប់ផ្ដើមវិញ ចម្លោះម៉ោង២កន្លះ ទៅម៉ោង៣រសៀល។

គួរជម្រាបថា កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។

មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕