(ភ្នំពេញ)៖ លោក មែ ស៉ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកសារលែកទុក្ខ និងថវិការបស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសពលោកវរសេនីយ៍ត្រី សួន សំអឿន នាយរងការិយាល័យទី៤ នៃកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក ដែលបានជួបគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្មការពារព្រំដែន។

ក្នុងសាររំលែកទុក្ខផ្ញើជូនលោកស្រី តុង ដាវី ព្រមទាំងក្រុមគ្រួសារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរៀបរាប់ថា៖

«ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ត្រី សួន សំអឿន នាយរងការិយាល័យទី៤ នៃកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក ដែលជាស្វាមីរបស់លោកស្រី លោកបានទទួលមរណភាពនៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥៖៥០នាទីរសៀល ក្នុងជន្មាយុ៤៧ឆ្នាំ ដោយគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្មការពារព្រំដែន។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ក្នុងអង្គភាព និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ វរសេនីយ៍ត្រី សួន សំអឿន គឺជាការបាត់បង់នូវស្វាមី ឪពុក ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញា ស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី សួន សំអឿន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕