(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាង ៣០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព» រយៈពេល ៣ខែមកនេះ។ ពិធីប្រគល់វិញ្ញាប័នបត្រនេះ បានធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិត ប្រាក់ សម្ជស្ស គ្រូបង្គោលផ្នែកបណ្តុះបណ្តាលជំនាញ MC និងសម្ភាសន៍។
សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាវគ្គ១ ដែលបានបញ្ចប់នេះ មានសិក្ខាកាមសិក្សាចំនួន៣២នាក់ នៅក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្រ្តីរាជការនៃក្រសួងស្ថាប័ន បុគ្គលិកក្រុមហ៊ុន អ្នកជំនួញ អ្នកផលិតមាតិកា ក៏ដូចជាសិស្សនិស្សិតផងដែរ។
នាឱកាសនេះដែរ លោកបណ្ឌិត ប្រាក់ សម្ជស្ស បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់យើង តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព» នេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលចំនួន៤កម្មវិធី ដោយនៅក្នុងនោះរួមមាន៖ ថ្នាក់សរសេរព័ត៌មាន, ថ្នាក់ព័ត៌មានសេដ្ឋកិច្ច និងជំនួញ, ថ្នាក់ថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន និងថ្នាក់ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕