(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសថា ខ្លួនបានត្រៀមមណ្ឌល៣ទីតាំង ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីទុកសម្រាប់ទទួលពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ពីប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបានចាត់ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួង ដើម្បីចុះពិនិត្យការត្រៀមលក្ខណៈទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ។
ក្រសួងបានបញ្ជាក់ថា ក្នុងការចូលរួមចំណែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានត្រៀម មណ្ឌលចំនួនបីទីតាំងគឺ ១). មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ២). មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាប៉ោយ ប៉ែត និង៣). មណ្ឌលនៅក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ»។
ក្រៅពីនេះ ក្រសួង បានសហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីត្រៀមសម្របសម្រួល និង ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ហូបចុក សង្គ្រោះបឋម និងបញ្ជូនបន្តទៅទីកន្លែងកំណើត។
សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញក្នុងករណីចាំបាច់ តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៨៨ ៨៦៦ -០៨៥ ២២២ ១៦៨-០១២ ៧២៥០៥៧៕